ខេត្តកណ្តាលៈ យុវជនម្នាក់ ត្រូវរថយន្តបែកកៀរ ពីក្រោយបណ្តាល ឲ្យដួលបោកក្បាល បែកស្លាប់ភ្លាមៗ នៅនឹងកន្លែង អ្នកបើកបររថយន្ត បន្ទាប់ ពីកើតហេតុ បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តចោល នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៩ និង១៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២២ ទៅ ២៣ក្នុងភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន សុភារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជានិស្សិតរស់នៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពីពណ៌ ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ 1BR-2533 ពុំមានពាក់មួកសុវត្ថិភាពនិងកញ្ចក់មើលក្រោយនោះទេ ។ ចំណែកឯរថយន្តបង្កវិញ ម៉ាកហ៊ីយ៉ានដាយ ពណ៌ត្រួយចេក ប្រភេទបែនធុនធំ ពាក់ស្លាកលេខភ្នំពេញ 3B-3954 បើកបរស្របទិសគ្នា ពីកើតទៅលិច (អ្នកបើកពុំត្រូវ បានគេស្គាល់ឈ្មោះនោះទេ បន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់)។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តបើកបរ ពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតស្រាប់តែជ្រុលចង្កូតទៅកៀបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើក បរម៉ូតូដួលបោកទៅនឹងថ្នល់បែកក្បាយ ហូរឈាមទាំងថ្លុក ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯអ្នកបើកបរ រថយន្តភ្លាមៗ បន្ទាប់ពីឃើញ ស្ថានការ បែបនោះ បានចុះចេញពីរថយន្ត គេចខ្លួនបាត់ ។ ក្រោយ ពេលកើតហេតុ នគរបាលចុះទៅ ដល់កន្លែងកើត ហេតុធ្វើការ វាស់វែង និងប្រគល់សាកសព ទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាង វិញត្រូវយកមក រក្សាទុកនៅអធិការដ្ឋានដើម្បី កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋានចាត់ការទៅតាម នីតិវិធីច្បាប់៕



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល