ក្មេងស្រីអាយុ ១០ឆ្នាំម្នាក់នៅប្រទេស Colombia បានក្លាយជាអ្នកម្ដាយម្នាក់ក្នុងចំណោមកុមារីមានកូននៅក្នុងពិភពលោក បន្ទាប់ពីសម្រាលបានកូនស្រីមួយរូបដែលមានសុខភាពរឹងមាំ។
/

ក្មេងស្រីដែលត្រូវបានគេលាក់ឈ្មោះនេះរស់នៅក្នុងក្រុង Manaure រដ្ឋ La Guajira នៃប្រទេស Colombia។ ក្មេងស្រីនេះមានការឈឺចាប់យ៉ាងខ្លាំង និងស្រែកយំគួរអោយអាណិតនៅពេលទៅដល់មន្ទីរពេទ្យ។ បន្ទាប់មក នាងក៏សម្រាលកូនដោយវិធីវះកាត់។

ក្រុមគ្រូពេទ្យបានអោយដឹងថា ការវះកាត់ចំពោះករណីដូចខាងលើគឺមិនមានអ្វីចម្លែកនោះទេ ព្រោះថា ក្បាលរបស់ទារកក្នុងផ្ទៃធំ ចំណែករាងកាយរបស់ក្មេងស្រីអាយុ ១០ឆ្នាំនេះមិនទាន់រីកចម្រើនអោយបានត្រឹមត្រូវនៅឡើយ។

អ្នកឯកទេសក៏បាននិយាយថា បណ្ដាអ្នកម្ដាយដែលមានវ័យក្មេងតែងទទួលផលប៉ះពាល់ពីការឡើងសម្ពាធឈាមនៅពេលមានផ្ទៃពោះ ហើយពួកគេក៏អាចប្រឈមនឹងបញ្ហានៃការរីកចម្រើនរបស់រាងកាយផងដែរ។

ប្រភពព័ត៌មានបានអោយដឹងថា ក្មេងស្រីខាងលើគឺជាកូនស្រីម្នាក់របស់កុលសម្ព័ន្ធ Wayuu នៅភាគខាងជើងប្រទេស Colombia។ រហូតមកទល់នឹងពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់ពីឪពុករបស់ទារកនេះនៅឡើយ ប៉ុន្ដែនគរបាលក៏មិនអាចនាំខ្លួនជនសង្ស័យឡើងតុលាការ ដោយសារតែកុលសម្ព័ន្ធនេះមានក្រឹត្យក្រមដោយឡែករបស់ពួកគេ។

វិទ្យុះ RCN La Radio ដកស្រង់សំដីលោក Efraín Pacheco Casadiego អគ្គនាយកមន្ទីរពេទ្យដែលក្មេងស្រីនោះសម្រាលកូន ថ្លែងថា ៖ យើងធ្លាប់បានរកឃើញករណីបែបនេះជាច្រើននៅក្នុងកុលសម្ព័ន្ធ Wayuu។ គាត់បន្ដថា ៖ ក្មេងស្រីដែលមានអាយុតិចបែបនេះ ពួកគេគួរណាស់តែនៅជាក្មេងលេងតុក្ដតា តែបែរជាត្រូវមើលថែកូនបែបនេះ។ ពិតជាអាក្រក់ណាស់៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DT