ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយនាពេលកន្លងផុតទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា មានស្រ្តីចម្លែកជនជាតិម៉ាឡេស៊ីម្នាក់ ទម្លាប់លាងដៃខ្លួនឯង ៣០០ លើកក្នុងមួយថ្ងៃ។
គួរបញ្ជាក់ផងដែរថា ស្រ្តីចម្លែករូបនោះមានឈ្មោះថា Julia Abdullah វ័យ៤០ឆ្នាំ រស់នៅក្នុងប្រទេសម៉ាឡេស៊ី បានកើតនូវរោគកង្វល់ចិត្តម្យ៉ាង ដោយគាត់ញៀន នឹងការលាងសម្អាតដៃខ្លួនច្រើនដងជារៀងរាល់ថ្ងៃ។ រោគកង្វល់ចិត្តដ៏ចម្លែករបស់គាត់នេះមានរយៈពេល២០ឆ្នាំហើយ។ក្រៅពីការលាងដៃជាង ៣០០ ដងក្នុងមួយថ្ងៃ គាត់ក៏បានចំណាយពេលងូតទឹកដល់ទៅ៥ម៉ោង ប្រើសាប៊ូដុសខ្លួន ២១ ដុំ និងសាប៊ូកក់សក់ ២ ដបក្នុងមួយថ្ងៃ។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាស្ត្រីរូបនេះដើមឡើយ ប្រកបរបរជាអ្នកឯកទេស ខាងពិនិត្យទឹកនោម លាមកនិងឈាមអ្នកជំងឺអេដស៍ ។ដូច្នេះហើយ ទើបគាត់កើតនូវក្ដីបារម្ភផ្លូវចិត្តពីការឆ្លងនូវ ជំងឺទាំងនោះ រហូតដល់កើតជាទម្លាប់លាងសម្អាតដៃជាញឹកញាប់។
អាការកង្វល់ផ្លូវចិត្តនេះបានធ្វើឲ្យគាត់បាត់បង់ការងារដោយសារតែ ភាពយឺតយ៉ាវ គាត់ក៏ធ្លាក់ខ្លួនក្រ ព្រោះតែការចំណាយច្រើនលើសលប់ លើថ្លៃប្រើប្រាស់ទឹក រហូតធ្វើឲ្យគាត់វណ្ឌកនឹងបំណុល។ មួយថ្ងៃៗគាត់គិតតែពីរឿងសម្អាតខ្លួនកាយតែប៉ុណ្ណោះដោយមិនខ្វល់ នឹងរឿងផ្សេងៗឡើយ។
គួររំឭកផងដែរថា បច្ចុប្បន្ន ស្ត្រីរូបនេះត្រូវបានខាងក្រុមភ្នាក់ងារប្រឹក្សាផ្លូវចិត្ត SAMH នៃវិទ្យាស្ថានសុខភាពផ្លូវចិត្ត ទទួលព្យាបាល ដើម្បីបំបាត់ទម្លាប់ញៀននឹងការសម្អាតខ្លួនហួសព្រំដែននេះ៕
ដោយ ៖ ពិសីប្រភព ៖ odditycentral