ឥណ្ឌា កាលពីថ្ងៃទី ២៣សីហា ឱ្យដឹងថា យានអវកាស Mars Orbiter Mission របស់ប្រទេសនេះ បច្ចុប្បន្ននៅឆ្ងាយពីភពព្រះអង្គារ ត្រឹមតែជិត ៩លានគីឡូម៉ែត្រតែប៉ុណ្ណោះ ហើយតាមគម្រោង យាននេះនឹងទៅដល់ភពក្រហម ក្នុងរយៈពេល ៣៣ថ្ងៃទៀត។

/

យានអវកាស Mars Orbiter Mission (MOM) បច្ចុប្បន្ន បានហោះចេញឆ្ងាយពីផែនដី ប្រមាណជា ១៨៩លានគីឡូម៉ែត្រ និងនៅសល់តែ ៩លានគីឡូម៉ែត្រទៀតតែប៉ុណ្ណោះ នឹងទៅដល់ភពព្រះអង្គារ។ ទីភ្នាក់ងារអវកាសឥណ្ឌា (ISRO) បានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា ៣៣ ថ្ងៃទៀត យានអវកាស MOM នេះ នឹងទៅដល់ភពអង្គារ។

/

គួរបញ្ជាក់ថា MOM ស្ថិតនៅក្នុងគម្រោងអវកាសរបស់ឥណ្ឌា ដែលមានតម្លៃ ៤,៥ពាន់លាន Rupee (៧៥លានដុល្លារអាមេរិក)។ យានអវកាសនេះ ត្រូវបានបាញ់បង្ហោះ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ចេញពីមជ្ឈមណ្ឌល Sriharikota ក្នុងរដ្ឋ Andhra Pradesh (ភាគខាងត្បូងឥណ្ឌា) ដោយមានបេសកកម្មស្រាវជ្រាវបរិយាកាស ទឹក និងស្វែងរករ៉ែ នៅលើភពអង្គារ។

/

គោលដៅរបស់ MOM គឺឆ្ពោះទៅកាន់បរិយាកាសរបស់ភពអង្គារ នៅថ្ងៃទី ២៤កញ្ញាខាងមុខ ប្រការនេះ នឹងជួយឱ្យឥណ្ឌា ក្លាយជាប្រទេសដំបូងគេ ដែលទទួលបានជោគជ័យ ក្នុងការទៅដល់ភពនេះ ក្នុងបេសកកម្មដំបូងបង្អស់របស់ខ្លួន។

/

យោងតាមទំព័រ Times of India ឱ្យដឹងថា មុននេះ អាមេរិកត្រូវចំណាយពេល បាញ់បង្ហោះដល់ទៅ ៦លើក ទើបអាចបញ្ជូនយានអវកាសរបស់ខ្លួន ចូលទៅដល់បរិយាកាសភពព្រះអង្គារ ចំណែកឯប្រទេសរុស្ស៊ីវិញ ក៏ត្រូវចំណាយដល់ទៅ ១០លើក ទើបសម្រេចបានជោគជ័យ។

/

គួរបញ្ជាក់ថា បច្ចុប្បន្ន មានតែអាមេរិក រុស្ស៊ី និងសហភាពអឺរ៉ុបប៉ុណ្ណោះ ដែលទទួលបានជោគជ័យ ក្នុងការបញ្ជូនយានអវកាសទៅស្រាវជ្រាវភាពអង្គារ ហើយក្នុងនោះ ក៏មានតែអាមេរិក តែមួយគត់ ដែលបានបញ្ជូនយានស្រាវជ្រាវ ចុះដល់ភពអង្គារ នោះគឺយាន Curiosity៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ universetoday