ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ ទូទាំងប្រទេសកម្ពុជាយើង មិនថាតែនៅទីក្រុងភ្នំពេញ ឬតាមបណ្តាខេត្តនោះទេ គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានឡើងជារៀងរាល់ថ្ងៃ ហើយបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋខ្មែរ អស់ជាច្រើននាក់ និងកាន់តែមានភាពសាហាវឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលភាគច្រើន ការស្លាប់ទាំងនោះ គឺពាក់ព័ន្ធទៅនឹងការបែកលលាដ៍ក្បាល ដែលបណ្តាលមកពី ការដែលមិនពាក់មួកសុវត្ថិភាព។
ដោយមើលឃើញទិដ្ឋភាពនេះ ទើបកាលពីពេលថ្មីៗ ក្រុមហ៊ុន មេគង្គណិត (MekongNet)ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម អ៊ីនធឺណេត ឈានមុខគេមួយនៅកម្ពុជា បានធ្វើការចែកមួកសុវតិ្ថភាព ជូនដល់បុគ្គលិករបស់ខ្លួន ក្នុងគោលបំណងពង្រឹង និងអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកក្នុងប្រទេសកម្ពុជា។ មួយវិញទៀត គឺដើម្បីចូលរួមគាំទ្រប្រសាសន៏ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានប្រកាសថា ថ្ងៃនេះ ថ្ងៃស្អែក សូមកុំ ឲ្យមានគ្រោះថា្នក់ចរាចរណ៏។
អនុសាសន៏ដ៏ថ្លៃថ្លារបស់ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសឡើង នៅពេលដែលគ្រោះថា្នក់ចរាចរណ៏ បានកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសារដើម្បីក្រើនរំឮកដល់ប្រជាជនកម្ពុជា ទូទាំងប្រទេសឲ្យចូលរួមគោរពច្បាប់ ចរាចរណ៏ទាំងអស់គ្នា។ ដូច្នេះដើម្បីចូលរួមអនុវត្ត នូវអនុសាសន៏នេះ ក្រុមហ៊ុន មេគង្គណិត ក៏បានធ្វើការចែកមួកសុវតិ្ថភាពរាប់រយមួក ជូនដល់បុគ្គលិករបស់ខ្លួន ពីព្រោះ ក្រុមហ៊ុន មេគង្គណិត ចង់ការពារបុគ្គលិករបស់ខ្លួន ក្នុងករណីគ្រោះថា្នក់ចរាចរណ៍ ដែលអាចនឹងកើតឡើងដោយយថាហេតុ។
យើងជឿជាក់ថា ទាំងប្រសាសន៏របស់សម្តេចនាយករដ្ឋមន្រ្តី និងការចូលរួមអនុវត្តច្បាប់ចរាចរណ៏ពីសំណាក់ ក្រុមហ៊ុន មេគង្គណិត ពិតជានឹងអាចជួយកាត់បន្ថយចំនួនអ្នករងរបួស ឬស្លាប់ ដោយសារគ្រោះថា្នក់ចរាចរណ៏តាមផ្លូវគោក បានមួយចំនួន ជាក់ជាមិនខាន។
ដូចដែរ យើងបានដឹងទាំងអស់គ្នាហើយថា គ្រោះថា្នក់ចរាចរណ៏ មិនត្រឹមតែ បំផ្លាញនូវ ទ្រព្យសម្បតិ្ត ថវិការប៉ុណ្ណោះទេ វាថែមទាំងប្រល័យអាយុជីវិត របស់មនុស្សថែមទៀតផង។ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ប្រុងប្រយ័ត្នគ្រប់វិនាទី នៅពេលបញ្ជាយានយន្តរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួននៅលើដងផ្លូវសាធារណៈ ជាពិសេស បើស្រវឹង សូមកុំបើកបរ៕


ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន មេគង្គណិត
ដោយ៖ សិលាប្រភព៖ MekongNet