ពលរដ្ឋអ៊ីរ៉ង់ រាប់ពាន់នាក់បាន នៅខាងក្រៅផ្ទះទាំងរងារញាក់ញ័រនាយប់ទី២ នៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងស្ទើរទ្រាំមិនបាន បន្ទាប់ពីការរញ្ជួយដីដ៏សាហាវមួយ បានវាយប្រហារភាគខាងលិចប្រទេសនេះ។ រដ្ឋាភិបាលកំពុងដុតដៃដុតជើង ដើម្បីស្វែងជំនួយ ជួយដល់តំបន់ ដែលរងគ្រោះខ្លាំងបំផុត នៅខេត្ត Kermanshah ជាតំបន់ភ្នំ ដែលំនៅឋានរបស់ប្រជាជនរាប់រយខ្នង ត្រូវបានបំផ្លាញ។

មនុស្សជាង ៤៣០ នាក់ បានស្លាប់បាត់បង់ជីវិត និងចំនួប្រហែល ៧.០០០ នាក់រងរបួស នៅពេល ដែលការរញ្ជួយដី បានវាយប្រហារជិតព្រំដែនប្រទេសអ៊ីរ៉ង់ - អ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ។ ប្រទេសអ៊ីរ៉ង់បានប្រកាសថា ថ្ងៃអង្គារជាថ្ងៃនៃការកាន់ទុក្ខ ​ក្នុងកម្រិតថ្នាក់ជាតិ។ លោកប្រធានាធិបតី Hassan Rouhani គ្រោងនឹងអញ្ជើញទៅមើលដោយផ្ទាល់ នៅតំបន់រងគ្រោះនេះ ប៉ុន្តែអង្គការប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ មិនត្រូវបានអនុញ្ញាតឱ្យទៅទស្សនាតំបន់ដែលរងគ្រោះដោយការរញ្ជួយដីនេះ នោះទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Irna បាននិយាយថា មនុស្សចំនួន ៤៣០ នាក់ បានស្លាប់ នៅក្នុងប្រទេសនេះ។ នៅក្នុងតំបន់ ដែលមានប្រជាជនតិចតួចឆ្លងកាត់ព្រំដែននៅអ៊ីរ៉ាក់ មនុស្ស ៩ នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀត រងរបួស។ លោកស្រី Mansoureh Bagheri មន្រ្តីអ៊ីរ៉ង់ប្រចាំនៅអង្គការអឌ្ឍចន្ទក្រហម បានប្រាប់ BBC ថា អគារលំនៅដ្ឋានចំនួន ១២ ពាន់ខ្នង បាន«ដួលរលំទាំងស្រុង»។ លោកស្រី បាននិយាយថាប្រតិបត្ដិការជួយសង្គ្រាមបានបញ្ចប់ ហើយរឿងសំខាន់បំផុត  គឺត្រូវនាំប្រជាជនទៅកាន់ទីជម្រកឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយថា អ្នករស់រានមានជីវិតរាប់ពាន់នាក់ បានចំណាយពេលមួយយប់ទៀត នៅក្នុងជំរុំបណ្តោះអាសន្ន ឬគេងនៅកណ្ដាលវាល ។ មនុស្សជាច្រើន ដែលផ្ទះរបស់ពួកគេ ត្រូវបានបំផ្លាញ នៅតែមានការភ័យខ្លាចក្នុងការវិលត្រឡប់មកផ្ទះវិញ ដោយសារតែការរញ្ជួយដី។ ស្ត្រីដែលគ្មានផ្ទះសម្បែង នៅទីក្រុង Sarpol-e-Zahab បាននិយាយថា វាគឺជាយប់ត្រជាក់បំផុត ... ពួកយើងត្រូវការជំនួយ។ យើងត្រូវការអ្វីៗគ្រប់យ៉ាង។ អាជ្ញាធរត្រូវពន្លឿនជំនួយរបស់ពួកគេ ដល់ជនរងគ្រោះ ។

ទីភ្នាក់ងារផ្តល់ជំនួយមួយ បាននិយាយថា មនុស្សចំនួន ៧០,០០០ នាក់ត្រូវការទីជម្រក ហើយអង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ ប្រសិនបើមានតម្រូវការ ។ នាយឧត្តមសេនីយ៍ Mohammad Ali Jafari ប្រមុខក្រុមឆ្មាំបដិវត្តអ៊ីស្លាម (IRGC) បាននិយាយថា អ្វី ដែលជាតម្រូវការបន្ទាន់ គឺតង់ ទឹក និងម្ហូបអាហារ។

លោកបានប្រាប់ស្ថានីយទូរទស្សន៍រដ្ឋ ខណៈពេលដែលមើលដោយផ្ទាល់នូវតំបន់ ដែលរងផលប៉ះពាល់ថា៖ «អាគារសាងសង់ថ្មី បានប្រព្រឹត្តទៅយ៉ាងល្អ ប៉ុន្តែផ្ទះចាស់ៗ ដែលត្រូវបានសាងសង់នៅនឹងដី ត្រូវបានបំផ្លាញទាំងស្រុង»។ អឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បាននិយាយថា តំបន់ជាច្រើន ខ្វះទឹក និងអគ្គីសនី ហើយការផ្គត់ផ្គង់ជំនួយត្រូវបានរារាំងដោយសារផ្លូវស្ទះ ។ ឧទ្ធម្ភាគចក្រកងទ័ពអ៊ីរ៉ង់ បានចូលរួមក្នុងកិច្ចប្រឹងប្រែងសង្គ្រោះនេះ។

ទីភ្នាក់ងារព័ត៌មាន Irna  បានរាយការណ៍ថា ក្រុមអឌ្ឍចន្ទក្រហមប្រហែល ៣០ នាក់ កំពុងធ្វើការ នៅក្នុងតំបន់រញ្ជួយដីននោះ។ អាជ្ញាធរបាននិយាយថា ផ្ទះជាង ៣០.០០០ ខ្នងត្រូវបានខូចខាត ហើយយ៉ាងហោចណាស់មានភូមិចំនួនពីរ ត្រូវបានបំផ្លាញទាំងស្រុង។

/ ភ្នាក់ងារសិក្សាភូមិសាស្រ្ដអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីកម្រិត ៧,៣ រិចទ័រ ដែលជាគ្រោះរញ្ជួញដីដ៏ប្រល័យបំផុត នៅលើពិភពលោក ក្នុងឆ្នាំនេះ បានកើតឡើងនៅវេលាម៉ោង ២១ និង  ១៨ នាទី ព្រឹក នៅចម្ងាយប្រហែលជា ៣០គីឡូម៉ែត្រ ភាគខាងត្បូងតំបន់ Darbandik ក្បែរព្រំដែន ខាងកើតជាមួយអ៊ីរ៉ង់៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC