សហគ្រាសផលិតអាគុយរថយន្ដ និងក្រុមហ៊ុន LG Energy Solution បានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង” (Initial Public Offering - IPO) ដែលស្ថាប័នផ្សព្វផ្សាយស្ដីពីហិរញ្ញវត្ថុអន្ដរជាតិ និយាយថា តម្លៃមូលបត្រ អាចស្នើឡើងរហូតដល់ពី ១០ ពាន់លាន ទៅ ១២ ពាន់លានដុល្លារអាមេរិក នៅក្នុងបញ្ជីភាគហ៊ុនដ៏ធំបំផុតមិនធ្លាប់មានរបស់កូរ៉េខាងត្បូង ។

/

សហគ្រាស LG Energy និងក្រុមហ៊ុនមូលបត្រកូរ៉េ បានប្រកាសពីការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ កាលពីថ្ងៃអង្គារ ដោយមិនបានសង្កត់ធ្ងន់ពីទំហំតម្លៃនៃមូលបត្រសរុបនោះទេ ។ ស្ថាប័ន IFR បានរាយការណ៍ពីទំហំនៃតម្លៃមូលបត្រដ៏ច្រើនសន្ធឹកសន្ធាប់នេះ នៅដើមខែមិថុនានេះ ។

LG Energy កាន់កាប់ភាគហ៊ុនទាំងអស់ ដោយក្រុមហ៊ុន LG Chem Ltd ដែលខំស្ដារឡើងវិញយ៉ាងត្រដាបត្រដួស កាលពីឆ្នាំមុននោះ បាននិយាយថា ការបោះផ្សាយលក់មូលបត្រនេះ គឺត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២១ ។ អ្នកនាំពាក្យមួយរូប បានបដិសេធ មិនផ្ដល់អត្ថាធិប្បាយស្ដីពីទំហំតម្លៃនៃ ការបោះផ្សាយលក់មូលបត្រនោះទេ នៅថ្ងៃពុធនេះ និងបាននិយាយថា ទំហំ IPO នឹងត្រូវយកទៅពិចារណាសម្រាប់ទុនចំណាយលើអចលនទ្រព្យ និងរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ។

ការបោះផ្សាយមូលបត្រកម្មសិទ្ធិក្នុងទំហំតម្លៃ ១០ ពាន់លាន ទៅ ១២ពាន់លានដុល្លារអាមេរិកនេះ នឹងក្លាយជាតម្លៃខ្ពស់ជាងទ្វេដង នៅក្នុងបញ្ជីភាគហ៊ុនដ៏ធំបំផុតមិនធ្លាប់មាន នៅកូរ៉េខាងត្បូង ពីព្រោះថា កាលពីឆ្នាំ ២០១០ តម្លៃ IPO របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Samsung បោះផ្សាយលក់ជាសាធារណៈក្នុងទំហំតម្លៃ ៤.៩ ទ្រីលានវ៉ុន(៤.៣៩ ពាន់លានដុល្លារ) ប៉ុណ្ណោះ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ reuters