បង្ហាញខ្លួននៅឯពិធីជប់លៀងភាពយន្ដ Cannes 2012(បារាំង) ដើម្បីផ្សព្វផ្សាយខ្សែភាពយន្ដថ្មីChinese Zodiac តារាសំដែងផ្នែកក្បាច់គុន ឈឹនឡុង បានប្រកាសថា Chinese Zodiac គឺជាខ្សែភាពយន្ដចុងក្រោយរបស់ខ្លួន។
នៅឯពិធីជប់លៀងភាពយន្ដ Cannes 2012 លោកឈឹនឡុង តារាសំដែងវ័យ ៥៨ឆ្នាំ បានថ្លែងថា គាត់ចាស់ណាស់ហើយ មិនអាចសំដែងឈុតផ្សងគ្រោះថ្នាក់ទៀតបាន។ លោកថ្លែងថា ៖ ខ្ញុំពិតជាមានការនឿហត់ខ្លាំងណាស់បន្ទាប់ពីរយៈពេលជាច្រើនទសវត្សដែលបានបង្ខំខ្លួន ប្រយុទ្ធក្នុងការផ្សងគ្រោះថ្នាក់។
|


ឈឹនឡុង ក្នុងពិធីជប់លៀងខ្សែភាពយន្ដ Chinese Zodiac នៅឯ Cannes 2012
|
ដូច្នេះគេសន្និដ្ឋានថា Chinese Zodiac នឹងក្លាយជាខ្សែភាពយន្ដទី ១០០ របស់ឈឹនឡុង ហើយក៏ជាខ្សែភាពយន្ដចុងក្រោយបំផុតដែលគាត់បានដើរតួជាតួអង្គប្រើប្រាស់ក្បាច់គុន។
ខ្សែភាពយន្ដ Chinese Zodiac នេះ មានការចូលរួមសំដែងដោយក្រុមតារាល្បីៗក្នុងពិភពលោកជាច្រើនរូប ក្នុងនោះក៏មានតារាសំដែងមកពីកូរ៉េខាងត្បូង គឺលោក Kwon Sang Woo ផងដែរ។ក្រៅពីចូលរួមក្នុងការសំដែង លោកឈឹនឡុងក៏ជាអ្នកនិពន្ធ អ្នកដឹកនាំ និងជាអ្នកផលិតខ្សែភាពយន្ដនេះ។ លោកថ្លែងថា នេះគឺជាខ្សែភាពយន្ដមួយដែល សំខាន់បំផុត ក្នុងប្រវត្តិអាជីពរបស់ខ្លួន។
គួររំឭកថា កាលពីទសវត្សទី ៩០ តារាសំដែងជើងចាស់ដ៏ល្បីល្បាញរូបនេះបានចូលទៅកាន់ហូលីវូដ និងត្រូវបានគេស្គាល់ច្រើនតាមរយៈខ្សែភាពយន្ដដូចជា Rumble In The Bronx, Rush Hour, Shanghai Noon ។ល។ ក្រៅពីនេះ លោកឈឹនឡុងក៏ធ្លាប់ចូលរួមបញ្ជូលសម្លេងក្នុងខ្សែភាពយន្ដ Kung Fu Panda ផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Chinadaily/BM