ភ្នំពេញ៖ កែវ ពេជ្រពិសី ជាតារាសម្ដែងមានភាពលេចធ្លោបង្គួរ បន្ទាប់ពីក្លាយជាតួឯកស្រីក្នុងរឿង ពន្លកស្នេហ៍ក្បែរជាយដែន មកតារាសម្ដែងសម្បូរទេពកោសល្យរូបនេះ ហាក់ឡើងរាសីស្រឺតៗតែម្ដង គឺនាងបានទទួលតំណែងជាពិធីការិនី ជំនួសតារាសម្ដែងស្រី សម្បូររឿងអាស្រូវស្នេហា កែវ និសា ដែលកាលនោះ នាងគ្រាន់តែជំនួស កែវ និសា ហើយដើម្បីឲ្យនាងលេចមុខ ក្នុងស្ថានីយទូរទស្សន៍បន្ថែមទៀត ក្នុងន័យបង្កើនប្រជាប្រិយភាព ដល់ភាពយន្តភាគមួយប៉ុណ្ណោះ តែមិននឹកស្មានថា នាងទទួលបានតំណែងនេះជាប់រហូតឡើយ។
ដោយសារការគោរពពេលវេលា មានសមត្ថភាពល្អក្នុងនិយាយស្ដី ស្លៀកពាក់បានសមរម្យ ទឹកចិត្តតស៊ូ និងស្រលាញ់ការងារធ្វើឲ្យនាង បានទទួលបានកម្មវិធីជាបន្តបន្ទាប់ ហើយមានឈ្មោះជាពិធីការិនីល្បី របស់ស្ថានីយទូរទស្សន៍បាយ័ន ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក ជាហេតុធ្វើឲ្យមិត្តរួមអាជីពជាមួយនាង ច្រណែនមិនតិចទេ ។ បើទោះបីនាងជាតារាសម្ដែងម្នាក់ ដែលទស្សនិកជនមើលមកថា ជានារីអភ័ព្វស្នេហ៍ ក៏នាងហាក់មិនរាថយ ជាមួយពាក្យសម្ដីអស់ទាំងនោះ ពោល កែវ ពេជ្រពិសី រឹតតែមិនសៅហ្មងជាមួយ បំណុលធនាគាររាប់ម៉ឺនដុល្លារ ហើយថែមទាំងប្រឹងប្រែង រកប្រាក់ដោយញើសឈាមខ្លួនឯង មិនរំពឹងលើប្រាក់ក្ដៅក្រហាយ ដែលបានមកពីប្រភពមិនច្បាស់ ហើយសុខចិត្តពន់រែកតែម្នាក់ឯង ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។
ស្រាប់តែនៅថ្ងៃសុក្រសប្តាហ៍មុននេះ ស្រីស្អាត កែវ ពេជ្រពិសី បានទ្រហ៊ោយំលើវេទិកាផ្សាយផ្ទាល់ នាំឲ្យមហាជនមួយចំនួន មានការភ្ញាក់ផ្អើលមិនតិចទេ ព្រោះកន្លងមកមហាជនធ្លាប់តែឃើញតារាសម្ដែងរូបនេះ យំសោកពេលសម្ដែងក្នុងខ្សែភាពយន្ត តែប៉ុណ្ណោះ តែនេះនាងសម្ដែងចប់ហើយ នៅតែយំ យំមិនឈប់តែម្ដង...មិនដឹងជាមកពីមូលហេតុអ្វី?
ប្រភពពីស្ថានីយទូរទស្សន៍ អប្សរា បានប្រាប់ LookingTODAY ថា មូលហេតុ ដែលកែវ ពេជ្រពិសី យំមិនឈប់នោះ គឺដោយសារនាងខ្លាច សត្វពស់ថ្លាន់មួយក្បាល ដែលនាងសម្ដែងជាមួយ ពិសេសត្រូវសម្ដែងជាតួ នាងនី ក្នុងឈុតស្នេហាជាមួយពស់ រឹតតែធ្វើឲ្យនាងញាក់សាច់ទ្វេដង ។ ពេលបើកឆាកនៃការសម្ដែង គេឃើញនាងប្រលែងជាមួយសត្វពស់ដ៏ធំនោះយ៉ាងស្និទ្ធស្នាលបំផុត ឱបផង ថើបផង ដល់វគ្គចុងបញ្ចប់ដែលនាង ត្រូវច្រៀងតាមបទចម្រៀងរាប់រៀប ពីអារម្មណ៍ នាងនី ដែលក្បត់ប្ដីមកមានសហាយជាមួយពស់កេងកង ។ នាងយំអស់ទំហឹងមនុស្សចាស់ មើលទៅសម្ដែងសមឥតខ្ចោះ សមជាកំពូលតារាសម្ដែងមែន.. ។
ស្រាប់តែការសម្ដែងបានបញ្ចប់ កែវ ពេជ្រពិសី នៅតែទ្រហ៊ោយំ មិនបាត់សោះ ដល់ពេល លោកស្រី ឌី សាវ៉េត វីរសិល្បករជើងចាស់បានសួរដល់នាងថា ហេតុអីក៏យំមិនឈប់យ៉ាងនេះ ? តារាសម្ដែងស្រស់ស្អាត កែវ ពេជ្រពិសី បានឆ្លើយទាំងញ័រមាត់ថា នាងដាក់អារម្មណ៍ផង នឹងខ្លាចសត្វពស់នោះផង ..! ម្យ៉ាងនាងជាមនុស្សខ្លាច ពពួកសត្វអស់នោះណាស់ សូម្បីតែសត្វដង្កូវតូចមួយ នាងខ្លាចសឹងអី ទំរាំពស់ធំបែបនេះ នាងទប់អារម្មណ៍មិនបានទេ តែដើម្បីកម្មវិធីនាងតស៊ូសម្ដែងដល់ទីបញ្ចប់.. ។
នេះជាលើកដំបូងហើយ ដែលទស្សនិកជន បានទស្សនាកែវ ពេជ្រពិសីយំយែកផ្ទាល់ ដែលកន្លងមកគេឃើញ តែក្នុងកាសម្ដែង ប៉ុណ្ណោះ នាងក៏ទទួលបានការកោតសរសើរមិនតិចទេ នៅពេលនាងហ៊ានលះបង់ខ្ពស់យ៉ាងនេះ ក្នុងសិល្បៈនៃការសម្ដែង ៕
![src=http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/April/id-030/Kosal-0301.jpg width=500]()
![src=http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/April/id-030/Kosal-0302.jpg width=500]()

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល