ភ្នំពេញ៖ បង្កាន់ដៃស្ពានព្រះ មុនីវង្សថ្មី ២ប្រឡោះ ត្រូវបាក់ ដោយរថយន្តមួយគ្រឿង បើកបុកខណៈដែលអ្នក បើកបរ យ៉ាងលឿន បំណងឡើងស្ពានព្រះមុនីវង្សថ្មី ស្រាប់តែរេចង្កូត   បុកបង្កាន់ដៃស្ពាន ពេញទំហឹង កាលពីវេលាម៉ោង ២៣ និង ២០នាទីយប់ ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៣   ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សមត្ថកិច្ចនគរបាល  ដែលយាមនៅគោលដៅ ស្ពានព្រះមុនីវង្សថ្មី បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ គឺនៅមុនពេលកើតហេតុ  រូបគាត់បានសង្កេតឃើញបុរសម្នាក់វ័យជាង ៣០ ឆ្នាំ  បើករថយន្តតាកូម៉ាមួយគ្រឿង   ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3987 ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើតដោយបានបើកឡើងសំដៅ ទៅលើស្ពានព្រះមុនីវង្សថ្មី ខណៈបើកឡើងដល់ពាក់កណ្តាលស្ពានស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេងដៃបុករះបង្កាន់ដៃ ស្ពានយ៉ាងខ្លាំង  បណ្តាលឲ្យ  រថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយកន្ទុយរថយន្តបានវិល  ត្រឡប់មួយជុំ បោកកង់ក្រោយ ផ្ទប់នឹងបង្កាន់ដៃ ជាហេតុធ្វើឲ្យបែកកង់ ដាច់ចេញពីរថយន្តថែមទៀត ចំណែកអ្នកបើកបរទំនង ស្រវឹងខ្លាំង ប៉ុន្តែមិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ច មូលដ្ឋានសហការជាមួយនគរបាលជំនាញ  ចុះមកវាស់វែងអូសយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ភ្លាមៗបន្ទាប់ពីកើតហេតុហើយ ៕

width=500

width=500