ភ្នំពេញ ៖ ករណីឃាតកម្មដ៏សាហាវ សម្លាប់ក្មេងស្រី ២នាក់ ជាមិត្ដភ័ក្ដិនឹងគ្នា ហើយយកសពទៅបោះ ចោល នៅជិតប៉ុស្ដិ៍ នគរបាលក្រាំងធ្នង់ ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ កាល ពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៣ នោះ ត្រូវបានមន្ដ្រីនគរបាលជាន់ខ្ពស់ ផ្នែកព្រហ្ម ទណ្ឌអះអាងថា មិនមែនជាករណីប្លន់នោះ ឡើយ ។
ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យ កណ្ដាលយុត្ដិធម៌លោកវរ សេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធទាំង ៦នាក់ នាព្រឹក ថ្ងៃទី២៥ ខែកក្កដា ថា ករណីឃាតកម្មក្មេង ស្រីខាងលើនេះ មិនមែនជាករណីប្លន់នោះឡើយពោលជា ករណីឃាតកម្មគិតទុកជាមុន ។
យ៉ាងណាក៏ដោយលោក ជួន ណារិន្ទ អះអាងថាករណីឃាតកម្មទៅលើក្មេងស្រីសិស្សសាលាទាំង ២ នាក់នេះស្ថិតក្រោមការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ និងជំនាញរបស់សមត្ថកិច្ចនៅឡើយ។
គួរបញ្ជាក់ថា ហេតុការណ៍ ភ្ញាក់ផ្អើលនិងគួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង៧ និង ៣០នាទី ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ មន្រ្តីនគរបាលបាន ឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ វន លក្ខណា ភេទស្រី អាយុ២០ឆ្នាំ និងទី២ឈ្មោះ ហ៊ុល សំណាង ភេទស្រី អាយុប្រហាក់ ប្រហែលគ្នា អ្នកទាំងពីរជាសិស្សសាលាម៉េតូឌីកម្ពុជារស់នៅក្នុងភូមិច្រែស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ មានអ្នកភូមិម្នាក់បានដើរចូលម្តុំព្រៃល្បះនោះដើម្បី បត់ជើងពេល ទៅដល់ក្បែរនោះ ស្រាប់តែធំក្លិន ស្អុយខ្លាំង ក៏តាមរកមើល ស្រាប់តែ ប្រទះឃើញ សពក្នុង ស្ថានភាព ហើមដោយចងរុំ និងខ្សែភ្លើងជាច្រើនរួចក៏មានការភ្ញាក់ផ្អើលកើតឡើង តែម្តងទៅ ។
ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់រួចសន្និដ្ឋានថា សពត្រូវគេរឹតកសម្លាប់យក មក ទម្លាក់ចោលនៅទីនេះ ។
ឪពុកម្តាយ របស់ក្មេងស្រី រងគ្រោះវិញ បានឲ្យដឹងថា កូនស្រីរបស់គាត់ បានស្លាប់ដោយសារតែ ជនមិន ស្គាល់ អត្តសញ្ញាណ រឹតក សម្លាប់ប្លន់យកម៉ូតូ ពីព្រោះកូនរបស់គាត់ ចេញមកពីផ្ទះ បានជិះម៉ូតូ មួយគ្រឿង ម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៣ ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ BQ-9343 ហើយម៉ូតូមួយគ្រឿងនេះ បានបាត់ ដូច្នេះហើយ មានតែប្លន់ សម្លាប់នោះទេមិនមែនជារឿងគំនុំអ្វីឡើយ ពីព្រោះកូនរបស់គាត់ មិន ដែលមានគំនុំជាមួយនរណាគេឡើយ ។
ពួកគាត់បានបន្តថាកូនរបស់គាត់បានចេញពីផ្ទះទៅបាត់តាំងពីថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៣ មក ម៉េ្លះ ហើយពួកគាត់ បានខិតខំស្វះស្វែង រកគ្រប់ច្រកល្ហកទាំងអស់មិនឃើញលុះដល់ថ្ងៃកើតហេតុ ទើប ទទួលដំណឹង មានគេប្រទះឃើញ សាកសពក្មេងស្រី ពីរនាក់ ត្រូវជនមិនស្គាល់ អត្តសញ្ញាណ សម្លាប់ ហើយយកមកបោះ ចោលនោះ ទើបពួកមកពិនិត្យមើល ឃើញថា ពិតជាកូនស្រី របស់ពួកគាត់មែន ។
ពួកគាត់បានបន្តថា កាលពីថ្ងៃច័ន្ទ ទី២២ ខែកក្កដា កន្លងទៅនេះ នាងទាំងពីរនាក់បានឌុបគ្នាក្នុងគោល បំណង ទៅរៀន ប៉ុន្តែ កាលពីល្ងាចទី២៣ ខែកក្កដា ឆ្នាំ២០១៣ មិនឃើញកូនវិល ត្រឡប់ទៅផ្ទះវិញ ក៏ កើតមាន ការសង្ស័យ ទើបនាំគ្នាដើររក ។
ប៉ុន្តែទោះបីជាពួកគាត់ ខំដើររក យ៉ាងណាក៏មិនឃើញ ស្រាប់តែទទួលដំណឹងកូនស្លាប់ បាត់ទៅហើយ។ ក្នុងទិដ្ឋភាពនោះ គេឃើញភាពសោក សង្វេងរបស់ក្រុមគ្រួសារ ស្តាយស្រណោះ នារីរងគ្រោះទាំងពីរនាក់ យ៉ាងខ្លាំង ។ នគរបាល បន្ទាប់ពីពិនិត្យ ចប់សព្វគ្រប់ បានប្រគល់ សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕





ម្តាយក្មេងស្រីរងគ្រោះ យំសោកស្តាយស្រណោះកូនស្រី

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល