គម្រោងការប្រកបដោយមហិច្ឆតា ក្នុងការបង្កើតក្រុងរណបដែលមានផ្ទៃដីធំល្មមសម្រាប់ប្រជាជនប្រមាណ ១៣០លាននាក់នេះ គឺដើម្បីរើការិយាល័យរដ្ឋបាល ចេញពីក្រុងប៉េកាំង។
រយៈពេលជាង ៦៥ឆ្នាំកន្លងមកនេះ រដ្ឋបាលចិន តែងតែធ្វើទៅតាមទម្លាប់ដែលបន្សល់ពីជំនាន់មុនៗ ពោលគឺមន្ត្រីធំៗ រស់នៅ និងធ្វើការនៅក្នុងរដ្ឋធានី ប៉ុន្តែគម្រោងថ្មីរបស់រដ្ឋាភិបាលចិន នឹងកែប្រែទម្លាប់នេះ នៅពេលការិយាល័យរដ្ឋបាល ត្រូវបានគេរើទៅនៅតំបន់ Tongzhou។

នេះគឺជាការប្រឹងប្រែងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីបង្កើតទីក្រុងថ្មីមួយដែលមានទំហំ ជាង ២០០.០០០គីឡូម៉ែត្រក្រឡា សម្រាប់មនុស្សប្រមាណជា ១៣០លាននាក់។
ទីក្រុងថ្មីនេះត្រូវបានគេហៅថា Jing-Jin-Ji។ Jing សំដៅទៅលើ Beijing (ប៉េកាំង) ចំណែក Jin គឺ Tianjin រីឯ Ji សំដៅលើឈ្មោះខែតពីដើមរបស់ Hebei។ គំនិតនេះ មានបំណងអភិវឌ្ឍបណ្ដាតំបន់ដែលបានរៀបរាប់។
បណ្ឌិត Li Junfu អនុប្រធានមន្ទីរស្រាវជ្រាវអំពីបញ្ហាទីក្រុងប៉េកាំង ឱ្យដឹងថា ការរើការិយាល័យរដ្ឋបាលថ្នាក់ទាប ចេញទៅកន្លែងផ្សេងៗ ត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីក្រុងប៉េកាំង មានប្រជាជនកាន់តែច្រើន។ ទីក្រុងរណបដូចជា Tongzhou គឺអាចជម្រុញការអភិវឌ្ឍនៅតំបន់ក្បែរខាង។

ថ្វីបើព័ត៌មានលំអិត មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹង ប៉ុន្តែ សេចក្ដីប្រកាសមួយចំនួន បានបញ្ជាក់ថា ទីស្នាក់ការគណកម្មការបក្សក្រុង ក៏ដូចជាគណកម្មការនយោបាយមួយចំនួន ក៏នឹងត្រូវរើទៅកាន់ខណ្ឌ Lucheng ក្នុងក្រុង Tongzhou ដែលមានផ្លូវរថភ្លើងក្រោមដី តភ្ជាប់មករដ្ឋធានីប៉េកាំង។
ទំព័រសារព័ត៌មានរបស់អាជ្ញាធរតំបន់ បានដាក់បំរាមមិនឱ្យធ្វើការសាងសង់នានា។ បំរាមនេះក៏បានកំណត់ថា ប្រជាជនក្នុងតំបន់អាចនឹងត្រូវបានបែងចែកជាពីរប្រភេទ គឺអ្នកក្រុង និងអ្នកក្រៅក្រុង។ ប្រការនេះនឹងបញ្ចប់សកម្មភាពកសិកម្ម ហើយអនុញ្ញាតឱ្យមានការអភិវឌ្ឍខ្លាំងក្លាជាងមុន។

មន្ត្រីអាជ្ញាធរមួយចំនួន នៅក្រុងប៉េកាំង មិនបានទទួលស្គាល់ ហើយក៏មិនបានបដិសេធអំពីគម្រោងដ៏ធំខាងលើនេះ។ ក៏ប៉ុន្តែ មន្ត្រីមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ការប្រកាសអំពីគម្រោងរើទីតាំងរដ្ឋបាលនេះ ប្រាកដជានឹងត្រូវបានធ្វើឡើងនៅក្នុងថ្ងៃបុណ្យឯករាជ ទី ១តុលាខាងមុខ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ New York Time