ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានសម្តែងនូវអំណរគុណជាពន់ពេក ចំពោះប្រជាពលរដ្ឋនៅជិតខាងទាំងអស់ ដែលបានខិតខំខ្នះខ្នែងទាំងកណ្តាលអាធ្រាត្រជួយ ពន្លត់អគ្គិភ័យឆាបឆេះ អគារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។
កាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៣ អគ្គិភ័យបណ្តាលមកពីទុស្សេខ្សែភ្លើង បណ្តាលឲ្យ ឆាបឆេះអគារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ស្ថិតនៅអគារលេខ ៥៧អេ, ផ្លូវលេខ ៤៨០ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។ អគ្គិភ័យបានឆេះបំផ្លាញកុំព្យូទ័រចំនួន ១១គ្រឿង និង សម្ភារៈផ្សេងៗ រួមនិងអគារ ៥០ភាគរយ។
ទោះជាយ៉ាងណាអគ្គិភ័យនេះ ត្រូវក្រុមប្រជាពលរដ្ឋ និងបុគ្គលិកមណ្ឌលអាពាហ៍ពិពាហ៍ណាំទ្រា បានចេញមក ជួយអន្តរាគមន៍ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ឲ្យរលត់ទៅវិញទាន់ពេលវេលា ដោយមិនបណ្តាលឲ្យស្ថានភាពរងគ្រោះធ្ងន់ធ្ងរជាង នេះ។
លោក សយ សុភាព បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋភូមិផងរបងជាមួយ បុគ្គលិកណាំទ្រ និងលោកមេប៉ុស្តិ៍សង្កាត់ទូលទំពូងទី២ រួមនិងសមត្ថកិច្ចមូល ដ្ឋានផ្សេងទៀត ដែលបានខ្នះ ខ្នែងអស់ពីកម្លាំងកាយចិត្តទាំងយប់ ចេញជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលជាគ្រោះអកុសលខាងលើនេះ៕





ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល