បាត់ដំបង ៖ ប្ដី-ប្រពន្ធវ័យក្មេងស្រស់ស្អាត និង មានសាច់ឈាមជាអ្នកមាន និងឋានៈគួរសមនៅក្នុងសង្គម បានមានវិប្បដិ សារីអស់មួយជីវិត ដោយសារតែសត្វមូសកំណាច បានខាំកូនប្រុសជាទីស្រឡាញ់លើស ពីជីវិតរបស់ខ្លួន រហូតដល់ធ្លាក់ខ្លួនឈឺ ហើយទីបំផុត បានលាចាកលោក ធ្វើឱ្យពួក គេទាំង២នាក់ និងក្រុម គ្រួសារទាំងមូល ដែលធ្លាប់តែប្រលែងលេងនិងថ្នាក់ថ្នមកូន ដ៏ឆ្លាត និងក្រម៉ិចក្រមើមមួយនេះយំបោកខ្លួន ដូចសត្វអក និងស្ទើរតែទប់ស្មារតីមិន នឹង ក្នុងការបន្ដជីវិតរស់នៅ ពីព្រោះមួយពព្រិចភ្នែក កូនប្រុសដំបូង បានលាពួកគេជារៀងរហូតនោះ ។
ដំណឹងដ៏គួរឱ្យសោកសៅ និង អាណិត អាសូរ ដល់គូស្វាមីភរិយា និង ក្រុមគ្រួសារទាំងមូលនេះ បានកើត ឡើងនៅពេលដែល គេបានឃើញ បង្ហោះរូបភាព និងខ្លឹមសារ នៅលើហ្វេសប៊ុកនៃការបាត់បង់ជីវិតកូនប្រុស ដោយសារជំងឺ គ្រុនឈាម ផ្ដើមចេញពីសត្វមូសខាំនោះ ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ នៅលើឈ្មោះម្ដាយក្មេងប្រុសរងគ្រោះក្នុង Account Facebook Danith Kuy ដែលបានបង្ហោះ រូបថតសព កូនប្រុស របស់ខ្លួន ពាក់អាវសខាងក្នុង អមដោយក្រវ៉ាត់ក ពណ៌ក្រហម និង អាវធំពណ៌ខ្មៅពីក្រៅ ហើយសពក្មេងប្រុស ដៃទាំងពីរកាន់ធូប និង នៅក្បែរ មានដបទឹកដោះគោ ទៀតផង ។
នៅលើទំព័រ ហ្វេសប៊ុក របស់ខ្លួនស្ដ្រីជា ម្ដាយវ័យក្មេងអាយុជាង ២០ឆ្នាំ ដែលមើលសាច់ឈាមទៅជាកូន អ្នកមាន និងរស់នៅប្រហែល ជាក្នុងខេត្ដបាត់ដំបងនោះ បាន សរសេរថា“Mummy សុំទោសនូវរឿង គ្រប់យ៉ាងដែលបានធ្វើខុសចំពោះកូន..Mummy មើលថែកូនមិនបានល្អធ្វើឱ្យបាត់ បង់កូន. សូមឱ្យកូនឡើងឋានសួគ៌..Mummy រង់ចាំកូនត្រឡប់មករស់នៅជាមួយគ្រួសារយើងវិញ... Mummy រង់ចាំ កូនស្កាយ ណា !”។
តាមរយៈខ្លឹមសារដែលអានទៅចង់ ស្រក់ទឹកភ្នែក ព្រោះតែបានបែកពីកូនប្រុសដ៏គួរឱ្យស្រឡាញ់ជារៀងរហូតនោះ បង្ហាញឱ្យឃើញថាក្មេងប្រុសរូបនេះមានឈ្មោះ ស្កាយ អាយុជាង២ឆ្នាំ ហើយបើពិនិត្យមើលតាមរូបថតដែលត្រូវបានពួកគេទាំង២ នាក់ប្ដី-ប្រពន្ធបង្ហោះនៅក្នុងហ្វេសប៊ុករបស់ខ្លួន គឺក្មេងប្រុសរូបនេះ គួរឱ្យស្រឡាញ់ជាទីបំផុត ទាំងរូបសម្បត្ដិ ទាំងការតុបតែងខ្លួន និងទាំងកាយវិការមុខមាត់ ក្រម៉ិចក្រមើម នៅពេលថតម្ដងៗរបស់គេ ។
តាមរយៈដំណឹង ដ៏គួរឱ្យសោកសៅជាទីបំផុត និង តាមរយៈ រូបថតនានា ដែលបង្ហោះនៅក្នុងហ្វេសប៊ុកគឺមានអ្នកចូលរួមសម្ដែងមរណទុក្ខយ៉ាងច្រើនជាមួយក្រុមគ្រួសារវ័យក្មេងមួយគូនេះ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកព័ត៌មានលំអិត ពីពួកគេទាំងពីរនាក់ ក៏ដូចជាសាច់ ញាតិរបស់ពួកគេនៅឡើយទេជុំវិញការបាត់បង់ជីវិតរបស់ ស្កាយ ប៉ុន្ដែ បើយោងតាមបុរសម្នាក់ឈ្មោះ ហួត វណ្ណៈ ដែលអះអាងថា ជាមិត្ដភ័ក្ដិបានប្រាប់ដើមអម្ពិលតាមហ្វេសប៊ុកថា ដំបូងឡើយ ក្មេងប្រុសរូបនេះ ធ្លាក់ខ្លួនឈឺដោយសារមូសខាំ ។
ពេលនោះឪពុក-ម្ដាយរបស់គេបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ក្រោយពីព្យាបាលក្មេងប្រុសរងគ្រោះបានធូរស្បើយឡើងវិញ ក៏ត្រឡប់មកផ្ទះ ។ លោក ហួត វណ្ណៈ បាន បន្ដថា ស្រាប់តែ ២-៣ ថ្ងៃក្រោយមក ក្មេងប្រុសបានចាប់ផ្ដើមឈឺម្ដងទៀត រួចក៏ស្លាប់តែម្ដងទៅ ។
ជាមួយការស្លាប់ របស់ក្មេងប្រុសរូបនេះ មជ្ឈដ្ឋានមួយចំនួនសូមអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានកូន តូចៗ ត្រូវប្រយ័ត្នប្រយែង ជាពិសេស នៅក្នុងរដូវវស្សាការពារកុំឱ្យមូសខាំ ខ្លាចក្រែងកើតជាជំងឺគ្រុនឈាម នាំឱ្យបាត់បង់ជីវិតកូនជាទីស្រឡាញ់ របស់ខ្លួននោះនឹង មានវិប្បដិសារី អស់មួយជីវិត។ ពោលនៅពេល ឃើញអាការៈកូនមិនស្រួល ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យ ពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់ជៀសវាងទុកចោលបណ្ដែតបណ្ដោយរហូតដល់ធ្ងន់ធ្ងរនោះ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ-បាណកសាស្ដ្រ កាល ពីប៉ុន្មានថ្ងៃមុននេះ បានឱ្យដឹង ក្នុងរយៈពេល ៣២សបា្ដហ៍ ក្នុងឆ្នាំ២០១៣ ជំងឺគ្រុន ឈាម បានសម្លាប់ប្រជាពលរដ្ឋកម្ពុជា ៣៨នាក់ ក្នុងចំណោម ១២២៤០នាក់ ប៉ុន្ដែ ចំនួននេះ មានការថយ ចុះ ៦៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១២ ដែលមានចំនួនអ្នកស្លាប់រហូតដល់ ១១៧ នាក់ ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-068/SH-0415.jpg width=500]()



![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-068/SH-0419.jpg width=500]()
![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-068/SH-0420.jpg width=500]()






ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល