កាលពីពេលថ្មីនេះ កងទ័ពកូរ៉េខាងជើងបានគំរាមថានឹងមានសកម្មភាពពិសេសដើម្បីធ្វើ អោយតំបន់ភាគច្រើននៅក្រុង សេអ៊ូល របស់កូរ៉េខាងត្បូងក្លាយជាផេះ ព្រមទាំងបានចោទ ក្រុមមេដឹកនាំកូរ៉េខាងត្បូងថាបានមើលងាយមេដឹកនាំកូរ៉េខាងជើង។
នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ប្រទេសកូរ៉េខាងជើងតែងតែរិះគន់យ៉ាងខ្លាំងៗ ទៅលើ ប្រធានាធិបតិកូរ៉េខាងត្បូង លោក Lee Myung-Bak ព្រមទាំងបានគំរាមថានឹងធ្វើការវាយប្រហារសងសឹកចំពោះសកម្មភាព និងសំដីដែលប្រទេសកូរ៉េខាងជើងយល់ថាជាការមាក់ងាយដល់មេដឹកនាំរបស់ខ្លួន។
រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានបញ្ហាធំណាកើតឡើងនោះទេ ប៉ុន្ដែសំដីរិះគន់ទៅលើកូរ៉េខាងត្បូងពីសំណាក់កូរ៉េខាងជើងកាន់តែមានសភាពខ្លាំងឡើងៗ ដែលបណ្ដាលអោយក្រុមអ្នកវិភាគមួយចំនួនយល់ថា នៅពេលខាងមុខ កូរ៉េខាងជើងអាចនឹងមានសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង។
ប្រកាសនៅលើបណ្ដាញសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបានអោយដឹងថា ៖ សកម្មភាពពិសេសរបស់កងទ័ពបដិវត្តរបស់យើងនឹងឆ្លើយតប់ទៅនឹងអំពើនានារបស់ក្រុមក្បត់។
កូរ៉េខាងជើងអោយដឹងថា សកម្មភាពពិសេសនឹងធ្វើអោយក្លាយទៅជាផេះក្នុងរយៈពេល៣ ឬ ៤នាទីដោយមធ្យោបាយមិនធម្មតា ដែលមិនធ្លាប់មានកាលពីមុនមក រួមជាមួយនឹងវិធីសាស្ដ្រដោយឡែករបស់យើងខ្ញុំ។
ប្រកាសរបស់កូរ៉េខាងជើងក៏បានរិះគន់ទៅលើការសំដែងមតិកាលពីថ្ងៃទី ២០កន្លងទៅរបស់លោកប្រធានាធិបតិ Lee Myung-Bak ដែលបានអំពាវនាវអោយមេដឹកនាំកូរ៉េខាងជើងធ្វើការកែទម្រង់កសិកម្ម និងកែលំអបញ្ហាសិទ្ធិមនុស្ស។ ក្នុងប្រកាសនោះក៏បានបង្ហើបពីកាំជ្រួចរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពបាញ់ទៅដល់គោលដៅទាំងអស់នៅកូរ៉េខាងត្បូង៕
ដោយ ៖ សូរីយ៉ាប្រភព ៖ AFP