ភ្នំពេញៈ តារាចម្រៀងដែលទើបតែ ប្រកាសដកខ្លួនចេញពីវិថីសិល្បៈ ដោយសារតែនាងបានព្រលយពាក្យសម្តី ថាខ្លាចរអានិងអាជីពនេះ កញ្ញា ពេជ្រ សូលីកា ថ្មីៗនេះ បានចេញសរសេរសារទទូចសុំឲ្យទស្សនិកជន ក៏ដូចជាមិត្តអ្នកគាំទ្រ នាងកុំយករូបភាពរបស់នាងទៅបង្ហោះ ឬពាក់ព័ន្ធនឹងរឿងនយោបាយជាដាច់ខាត ។
ស្រីស្អាតរូបស្រស់សោភា កញ្ញា ពេជ្រ សូលីកា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣នេះ បានបង្ហោះពាក្យសម្តី ដោយទទូចទៅដល់ក្រុមអ្នកគាំទ្រ របស់នាងក៏ដូចជា Friend ទាំងអស់ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ដោយសរសេរបង្ហោះជាភាសាខ្មែរថា “នាងខ្ញុំសុំអរគុណ ចំពោះការស្រឡាញ់នឹងគាំទ្រនាងខ្ញុំ បើស្រឡាញ់នឹងគាំទ្រ សូមកុំយករូបភាពខ្ញុំទៅពាក់ព័ន្ធ ជាមួយ នយោបាយ នាងខ្ញុំសុំតែសុខទេ សុំអ្នកគាំទ្របញ្ឈប់ ពីនាងខ្ញុំ ពេជ្រ សូលិកា ស្រឡាញ់មិត្ត ទាំងអស់គ្នា”។
តាមរយៈការបង្ហោះ ពាក្យសម្តី ដែលបង្កប់ដោយការខ្លាចរអា របស់អតីត តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា ពេជ្រ សូលីកា នេះ ដែលនាងមិនបានបង្ហាញពី ហេតុផលច្បាស់លាស់ដំណើរដើមចមក្នុងរឿងនេះទេ ដោយនាងគ្រាន់តែសរសេរ បង្ហោះបែបទទូចដោយខ្លីថា នាងមិនចង់យករូបថតរបស់នាង ទៅពាក់ព័ន្ធនឹងរឿងនយោបាយ ដែលចាកឆា្ងយពី អាជីពសិល្បៈរបស់នាងទេ ។
ទោះបីជាស្រីស្រស់ ពេជ្រ សូលិកា មិនបានបង្ហាញហេតុផលច្បាស់លាស់ ក៏ដោយតែនាពេលកន្លងមកគេសង្កេតឃើញថា មានសិល្បករ-សិល្បការិនី ជាច្រើន នាក់ដូចជា លោក ករុណា ពេជ្រ, អ្នកនាង បូណេតា ដាដេណា ,លោក ស៊ុក សុភា ,លោក សោភ័ណ្ឌ ឡារី, នាយពាក់មី និងតារាប្រុសស្រីជាច្រើនទៀត ទទួលរងការរិះគន់វាយប្រហារ ទៅលើអ្នកសិល្បៈ ដែលសម្ញែងរូបថតបង្ហាញពីការគាំទ្រ និងសកម្មភាពយ៉ាងសកម្មទៅលើឆាកនយោបាយ ។ ប៉ុន្តែដោយឡែក កញ្ញា ពេជ្រ សូលីកា នៅសុខៗបែរជា បង្ហាញពាក្យសម្តីបែបនេះ ស្តែងឲ្យឃើញ ពីការខ្លាចរអានិងមិនចង់យកខ្លួន ទៅពាក់ព័ន្ធលើឆាកនយោបាយ ដូចអ្នកសិល្បៈដទៃ ដោយនាងមិនបានប្រាប់ពីមូលហេតុ ច្បាស់លាស់ឡើយ៕




ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល