ភ្នំពេញ៖ ក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd ជាក្រុមហ៊ុនផលិត សាឡុងដំបូងគេបង្អស់ និងធំជាងគេក្នុង ប្រទេសកម្ពុជា បានបើកសម្ពោធ ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៣ នេះ ដែលមានទីតាំងស្ថិត នៅផ្លូវជាតិលេខ ៤ អាគារលេខ ១៤២ សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពិធីបើកសម្ពោធ ជាផ្លូវការនោះ មានការអញ្ជើញចូលរួម ពីសំណាក់លោក ច័ន្ទ តូ និង លោក Maeda Yoshitaka ដែលជាប្រធានក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd។
ក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd ជាក្រុមហ៊ុនផលិតផល សាឡុងដំបូងគេបង្អស់ និងធំជាងគេក្នុង ប្រទេសកម្ពុជា ជាគ្រឿងសង្ហារឹម មួយប្រភេទ ដែលផលិតចេញពី ស្នាដៃកូនខ្មែរ និងវត្ថុធាតុដើម របស់ខ្មែរសុទ្ធសាធ។
លោក Maeda Yoshitaka ជាប្រធានក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd បានមានប្រសាសន៍ថា រោងចក្រផលិត សាឡុងនេះឡើង គឺដើម្បីជួយសម្រួលដល់ ជីវភាពដល់ប្រជាជនខ្មែរ មួយកម្រិត និងផ្តល់ឱកាស ដល់កូនខ្មែរទាំងនេះ បានបញ្ចេញស្នាដៃនៃ ការផលិតរបស់ពួកគេ។
លោកបានបន្តថា ផលិតផលសាឡុងនេះ មិនត្រឹមតែមានលក់ នៅក្នុងប្រទេសកម្ពុជាទេ លោកក៏មានគម្រោង នឹងនាំផលិតនេះទៅលក់ នៅប្រទេសជប៉ុន ដើម្បីបង្ហាញប្រាប់ឲ្យ ប្រជាជនជប៉ុន បានស្គាល់ពីស្នាដៃនៃ ការផលិតសាឡុងរបស់ខ្មែរ មិនចាញ់ផលិតផល បរទេសឡើយ។ ក្នុងរោងចក្រ ផលិតសាឡុងរបស់លោក មានបុគ្គលិកទំាងអស់ ប្រហែលជា ៥០-៦០ នាក់ ទាំងស្រីទាំងប្រុស។
ដោយឡែក លោក ច័ន្ទ តូ បានមានប្រសាសន៍ ក្នុងឱកាសនេះថា លោកសូមថ្លែងអំណរគុណ លោក Maeda Yoshitaka ដែលជាប្រធានក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd ដែលមានគំនិតផ្តួចផ្តើម បង្កើតរោងចក្រ ផលិតសាឡុងនេះ ដើម្បីជួយសម្រួលជីវភាព ប្រជាជនមួយកម្រិត និងជួយផ្សព្វផ្សាយពីស្នាដៃ និងផលិយផលរបស់កូនខ្មែរ។
ក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd ជាក្រុមហ៊ុនមួយតែងតែ ជួយផ្តល់ឱកាសឲ្យកូនខ្មែរ បញ្ចេញសា្នដៃរបស់ខ្លួន ជាច្រើនជា ក្រុមបាល់ទាត់ ក្រុមហ៊ុន IT ហាងកាហ្វេ និងក្រុមហ៊ុន Mitsuyoshi &T.A.G Co.,Ltd នេះតែម្តង៕



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល