ភ្នំពេញ៖ ចូលមកដល់ឆ្នាំថ្មីនេះ តារាចម្រៀងប្រុសដែលបាន ចាកចេញពី ផលិតកម្ម Bigman ហើយរត់ ទៅជ្រកក្រោមដំបូល របស់ផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ ហាក់បីដូចជា មានការមមាញឹក ជាមួយ ការងារខ្លាំងដោយសារតែ មានម្ចាស់កម្មវិធីមួយចំនួន បានធ្វើការអញ្ចើញ លោកដើម្បីទៅច្រៀង។ ឆាយ វីរៈយុទ្ធ បាននិយាយប្រាប់ គេហទំព័រ Looking TODAY តាមទូរស័ព្ទថា បច្ចុប្បន្ននេះ លោកមានការរវល់ ច្រើនទាំង ការថតបទចម្រៀងឲ្យ ផលិតកម្ម និង ការចេញច្រៀងខាងក្រៅ ទាំងក្នុងរាជធានីភ្នំពេញ ហើយក៏ដូចជាចេញ ទៅតាមបណ្តាខេត្តផ្សេងៗទៀតដែរ។
តារាចម្រៀងដែល កំពុងបង្ហាញវត្តមាន នៅក្នុងផលិតកម្ម សាន់ដេ រូបនេះ បានបន្តទៀតថា បាទបង…!ក្នុងឆ្នាំថ្មីនេះ(២០១៣) គឺមិនខុសពីឆ្នាំ២០១២ ប៉ុន្មានទេ ខ្ញុំមានភាពមមាញឹក ជាមួយការងារសិល្បៈជាខ្លាំង។ ព្រោះខ្ញុំ ត្រូវថតបទចម្រៀង និងការសម្តែង ជាឈុតខារ៉ាអូខេ ជាងនេះទៅទៀតនោះ ក៏ត្រូវបានគេហៅឲ្យចេញ ទៅច្រៀងនៅតាមបណ្តាខេត្ត នានាផងដែរ។ ដូច្នេះខ្ញុំមិនសូវជាមាន ពេលទំនេរប៉ុន្មានទេ។
លោក ឆាយ វីរៈយុទ្ធ បានបង្ហើបឲ្យដឹងដែរ ថាបច្ចុប្បន្នលោកក៏កំពុងតែ ខិតខំព្យាយាមក្នុងការពង្រឹង នូវសមត្ថភាពបន្ថែមទៀត ដូចជាការហាត់ សមសំឡេង ការសម្តែង និង ស្ទីលថ្មីៗ ដោយសារតែលោកគិត មិនចង់ធ្វើអ្វីមួយដែល ជាភាពដដែលៗ គឺត្រូវតែមានភាពប្លែក និង ថ្មី។តារាចម្រៀង ដែលទទួលបានការគាំទ្រ ពីសំណាក់ មិត្តយុវវ័យ លោក ឆាយ វីរៈយុទ្ធ បានឲ្យដឹងទៀតថា ចំពោះ បទចម្រៀងរបស់លោក ដែលបានច្រៀង នៅក្នុងផលិតកម្ម សាន់ដេ គឺមកដល់ ពេលនេះមានចំនួន ៨ បទហើយ។
បើទោះបីជាតារា ចម្រៀងលោក ឆាយ វីរៈយុទ្ធ បានចាកចេញពី ផលិតកម្ម Bigman និងបានហក់ខ្លួន ចូលមកជ្រក កោនក្រោមដំបូល សាន់ដេយ៉ាងនេះក្តី តែប្រជាប្រិយភាព និង សន្ទុះនៃការគាំទ្រនៅតែ មានដដែលពោល គឺមិនបានធ្វើឲ្យលោក បាត់បង់កេរ្តិ៍ឈ្មោះដែល ធ្លាប់សាងកាលពីមុន នោះឡើង។
គួរបញ្ជាក់ផងដែរថា ឆាយ វីរៈយុទ្ធ បានចាប់យកអាជីព ជាអ្នកចម្រៀង កាលពីឆ្នាំ ២០០១ ដែលដំបូងឡើយ គ្រាន់តែច្រៀងនៅតាម ភោជនីយដ្ឋានតែប៉ុណ្ណោះ ។ រហូតដល់ឆ្នាំ ២០០៥ លោកបានអភិវឌ្ឍខ្លួន បន្តិចម្តងៗដោយ ច្រៀងនៅក្នុង ផលិតកម្ម រស្មីស្ទឹងសែន ក្រោយមកទៀត នៅផលិតកម្ម ប៊្លូដាយមិន ចេញពី ប៊្លូ ដាយមិន ចូលផលិតកម្ម M ដែល ធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះ កើនឡើងរហូតមក ដល់សព្វថ្ងៃនេះ ។ បន្ទាប់មកទៀតបាន ចូលផលិតកម្ម Big Man និង ចុងក្រោយនេះ លោកបានមកចូល នៅក្នុងផលិតកម្ម សាន់ដេ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល