ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលម៉ោង៤ ថ្ងៃទី១១ កញ្ញានេះ បានយាងត្រឡប់ មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយពេលព្រះអង្គ  បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន កាលពីថ្ងៃទី១២  ខែសីហា ឆ្នាំ២០១៣ កន្លងទៅ។

ក្នុងពិធីទទួលព្រះរាជដំណើររបស់អង្គព្រះមហាក្សត្រ    នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ គេសង្កេតឃើញមានវត្តមាន     សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា,សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ រួមជាមួយ និង  មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូប។ ដោយឡែកនៅក្នុងនោះក៏គេឃើញ   វត្តមានលោក សម រង្ស៊ី    ប្រធានគណបក្សសង្រ្គោះជាតិ, លោក កឹម សុខា អនុប្រធានគណបក្ស និងសមាជិករបស់ គណបក្សនេះជាច្រើន រូបទៀតផងដែរ។

នៅក្នុងព្រះរាជដំណើរ យាងមកដល់មាតុភូមិនេះ   នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រះភិរុណ បានបអង្អុរចុះយ៉ាងខ្លាំង។ ទាំងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ព្រមទាំងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងសមាជិកគណបក្សសង្រ្គោះជាតិបានឈរទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះវររាជមាតា   ក្រោមដំណក់ទឹកភ្លៀងយ៉ាងត្រជាក់ត្រជុំ។ ទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី មិនបានឈរនៅក្បែរគ្នានោះទេ។

នេះគឺជាលើកទីមួយហើយ   ដែលគូបដិបក្ខនយោបាយ   ពោលគឺថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាជាគណបក្ស ដែល កំពុងកាន់អំណាច និង ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាគណបក្សប្រឆាំង បានបង្ហាញមុខជាសាធារណៈ    ជាមួយគ្នាជាកម្រ ចាប់តាំងពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៤ ឆ្នាំ២០០៨មកម្ល៉េះ។

សម្តេចតេជោ ហ៊ុន សែន និងលោកសម រង្ស៊ី នៅក្នុងឱកាសជួបគ្នានៅព្រលានយន្តហោះ ទទួលព្រះរាជដំណើរព្រះមហាក្សត្រ មិនបានបើកកិច្ចពិភាក្សា ឬចាប់ដៃគ្នានោះទេពោល  ក្រោយពេលបញ្ចប់ពិធីទទួល    ព្រះរាជដំណើរហើយនោះ ទាំងសម្តេចតេជោ និងលោក សម រង្ស៊ី បានឡើងរថយន្តធ្វើដំណើរចេញទៅរៀងៗខ្លួន។

តាមលទ្ធផលផ្លូវការ ដែលប្រកាសដោយ   គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះគឺគណបក្ស ប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រ ជាង៣លានសំឡេង  បើគិតជាចំនួនអាសនៈ បាន ៦៨ ក្នុងចំណោម១២៣អាសនៈ ក្នុងរដ្ឋសភា នីតិកាលទី៥ ខណៈដែលគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេង គាំទ្របានចំនួនជាង២ លានសំឡេង គិតជាចំនួន អាសនៈ បាន៥៥។

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ មានគណបក្សចំនួន៨ ចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមអាសនៈ នៅក្នុងរដ្ឋសភាដោយឡែកមានតែ គណបក្សធំៗចំនួនពីរទេ ដែលបានទទួលអាសនៈ នៅក្នុងរដ្ឋសភា គឺ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្ស កំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។

គណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេត ឯករាជ្យទៅលើភាព  មិនប្រក្រតីនៃការ បោះឆ្នោត សភា នីតិកាលទី៥នេះ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅគណបក្សនេះបានប្រកាសថា ខ្លួននឹងធ្វើពហិការក្នុងការបើកសម័យប្រជុំសភាដំបូងដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ   ប្រសិនបើការស៊ើប   អង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតមិនត្រូវបានបង្កើតឲ្យមាន។

គួរបញ្ជាក់ថា  ព្រះមហាក្សត្របានចាកចេញទៅ    ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១៣ ដើម្បី ពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។ ថ្ងៃទី១១   ខែកញ្ញា ឆ្នាំ២០១៣ ជាការយាងវិលត្រឡប់មក   មាតុភូមិរបស់ ព្រះអង្គ និងការគ្រោងបើកសម័យប្រជុំសភាដំបូង ថ្ងៃទី២៣ កញ្ញា ២០១៣ ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល