ឥណ្ឌា ៖ បើយោងតាមរបាយការណ៍ Makkal Osai ដែលជាប្រភពសារព័ត៌មានរបស់ប្រទេសឥណ្ឌា បានអោយដឹងថា​ មានបុរសម្នាក់ដែលបានរស់នៅក្នុងតំបន់ Rajasthan នៃទិសពាយព្យរបស់ប្រទេសនេះ ​​ បានដាក់ពាក្យចោទប្តឹង ទៅវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យរដ្ឋមួយកន្លែង  ក្រោយពីតម្រងនោមរបស់កូនប្រុសរបស់គាត់ វ័យ 2 ឆ្នាំ ត្រូវបានលួចបាត់ ក្នុងអំឡុងពេលសំរាកព្យាបាលនៅទីនោះ។

លើសពីនេះទៅទៀត បើយោងតាមសម្តីបុរសជាឪពុកដែលមានឈ្មោះថា Ramu Kashyap  បាននិយាយបញ្ជាក់ទៅកាន់ភ្នាក់ងារប៉ូលីសថា កូនប្រុសវ័យ 2 ឆ្នាំរូបនោះត្រូវបានបញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យនេះ កាលពីថ្ងៃទី 8 ខែកក្កដា កន្លងទៅ  តែអ្វីដែលមិននឹកស្មានដល់នោះ  គឺថារយៈពេល 4 ថ្ងៃក្រោយពីសំរាកព្យាបាល កូនប្រុសរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅវិញ។

width=490

បុរសជាឪពុកក៏បាននិយាយបញ្ជាក់បន្ថែមផងដែរថា ដំបូងលោកវេជ្ជបណ្ឌិតបាននិយាយប្រាប់ថាជម្ងឺកូនប្រុសរបស់គាត់មិនអីនោះទេ  ហើយ នឹងជាសះស្បើយក្នុងពេលឆាប់ៗ ។ លុះក្រោយមកពោលគឺថ្ងៃទី 13 កក្កដា គាត់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលវេជ្ជបណ្ឌិតបានអះអាងថា កូនប្រុសរបស់គាត់បានស្លាប់បាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា  បុរសជាឪពុកក៏បានរកឃើញស្នាមដេរនៅត្រង់ក្រពះ  ក៏ដូចជាខ្នងរបស់កូនគាត់ ហើយក៏បានធ្វើអោយគាត់មានមន្ទិលសង្ស័យថា  តម្រងនោមរបស់កូនគាត់ត្រូវបានវះកាត់យកចេញដែលនេះហើយជាមូលហេតុចម្បងធ្វើអោយគាត់សំរេចចិត្តក្នុងការដាក់ពាក្យប្តឹង។ ក៏ប៉ុន្តែ  ករណីមួយនេះ  មិនទាន់មានការបញ្ជាក់អះអាងពីប្រភពណាមួយនៅឡើយទេ ដោយវាស្ថិតនៅក្នុងការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ yourhealth