ភ្នំពេញ៖ ថ្មីៗនេះបានលេចឮព័ត៌មានថា តារាចម្រៀងស្រីវ័យក្មេងសាច់សរខ្ចី របស់ផលិតកម្ម M កញ្ញា ពេជ្រ សូលីកា ត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង បានគប់របស់របរទៅលើនាង ខណៈដែលនាងកំពុងតែច្រៀង នៅលើឆាកប្រគំតន្ត្រីនោះ ត្រូវបានតារាស្រីរូបនេះ ចេញមុខច្រាន ចោលចំពោះព័ត៌មានទាំងនោះថា មិនមែនជាការពិតនោះទេ។
ហេតុការខាងលើនេះ បានកើតឡើងខណៈពេលដែល តារាចម្រៀងស្រីស្រស់វ័យក្មេង កញ្ញា ពេជ្រ សូលីកា បានលេចមុខចូលរួមជាតារាចម្រៀង នៅលើឆាកខនសឺត របស់ក្រុមហ៊ុន យូនីលីវើ កាលពីពេលថ្មីៗនេះ ដោយសារតែនាងបានធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋមានការ អាក់អន់ស្រពន់ចិត្ត ក្រោយពីតារាស្រីរូបនេះ បានបើករថយន្តប៉ះអ្នក ដែលមកទស្សនាខនសឺតនោះ ហើយអ្វីដែលធ្វើឲ្យគេខឹង រហូតដល់ប្រើហឹង្សាដោយគប់ ដបទឹកសុទ្ធនិងរបស់របរជាច្រើន ទៅលើនាង ហើយនាងតម្កើងឬកខ្ពស់ពេក មិនទទួលខុសត្រូវនូវទង្វើ ដែលខ្លួនបានធ្វើ ទើបធ្វើឲ្យមានរឿងបែបនេះ កើតឡើងចំពោះនាង នៅលើឆាកតែម្តងទៅ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ដែលត្រូវបានតារាចម្រៀង ស្រីវ័យក្មេងសម្បូរមន្តស្នេហ៍ កញ្ញា ពេជ្រ សូលីកា ចេញមុខបកស្រាយបានប្រាប់ Looking TODAY ឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣នេះថា ចំពោះរឿងដែលលេចឮថា នាងត្រូវបានប្រជាពលរដ្ឋ ស្វាគមន៍នាងដោយដបទឹកសុទ្ធ នៅលើឆាកដែលនាង ទៅច្រៀងនៅខេត្តព្រៃវែងនោះ មិនមែនជាការពិតនោះទេ គឺនាងសូមច្រានចោលទាំងស្រុង ព្រោះថាការលេចឮព័ត៌មាន មិនពិតបែបនេះអាចប៉ះពាល់ដល់ កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់នាង។
តារាចម្រៀងស្រីវ័យក្មេង ដែលកំពុងតែមានភាពលេចធ្លោ ប្រចាំផលិតកម្ម M រូបនេះបានប្រាប់ឲ្យដឹងថា “ ខ្ញុំសូមបដិសេធចោល ចំពោះរឿងដែលលេចឮនេះ ទាំងស្រុងហើយខ្ញុំក៏មិនបាន ត្រូវគេគប់ដបទឹកសុទ្ធ ឬក៏ដុំថ្មអីមកខ្ញុំទេ ហើយប្រសិនបើមានរឿងនោះកើតឡើងមែន ប្រាកដជាផ្អើលពេញទឹកពេញដីហើយ។ ម្យ៉ាងទៀតអ្នកដែលចុះផ្សាយព័ត៌មានហ្នឹង គ្មានភស្តុតាងឬក៏រូបរបស់ខ្ញុំ ដែលអាចបញ្ជាក់ថា ខ្ញុំត្រូវបានគេគប់នោះទេ ផ្ទុយទៅវិញ ការដែលខ្ញុំទៅច្រៀង នៅលើទឹកដីនៅទីនោះ គឺទទួលបានការគាំទ្រច្រើនខ្លាំងណាស់ ពីបងប្អូនប្រជាពលរដ្ឋ”។
តារាស្រីដែលមានសាច់សម៉ដ្ឋខៃ កញ្ញា សូលីកា ក៏បានប្រាប់បន្ថែមទៀតថា ចំពោះរឿងមួយទៀត ដែលគេថានាងបើកឡាន ប៉ះពាទស្សនិកជន ខណៈទៅច្រៀងខនសឺតនោះ ក៏មិនមែនជាការពិតដែរ ព្រោះទាំងពេលទៅនិងពេលមក គឺនាងមិនបានបើកឡាន ប៉ះអ្នកណាទេ ដោយសារតែនៅពីមុខ រថយន្តរបស់នាងមាន រថយន្តមួយទៀតបើកនាំផ្លូវ ទាំងទៅទាំងមកនាងគ្មានពេលឯណា ទៅបើករថយន្តបុកអ្នកណាទេ។ ហើយដើម្បីបញ្ជាក់ថា នាងពិតជាស្អាតស្អំ នាងនឹងទៅច្រៀងនៅទីនោះម្តងទៀត ប្រសិនបើមានគេអញ្ជើញ ដើម្បីបង្ហាញការពិតថា នៅពេលដែលនាងទៅច្រៀងនៅទីនោះ ទទួលបានជោគជ័យ និងការគាំទ្រកម្រិតណា៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល