ការស្រឡាញ់ មានតម្លៃខ្ពស់ជាងឆន្ទៈ រវល់តែអោយតម្លៃលើឆន្ទៈ ការស្រឡាញ់ថយចុះ ។ ឆន្ទៈកើតឡើង អាស្រ័យលើបុគ្គលខ្លួនឯង និងការលើកទឹកចិត្ដពីប្ដី ឬប្រពន្ធ។ ការបង្អាប់ ការមិនអោយតម្លៃគ្នា នឹងធ្វើអោយភាគីម្ខាង អស់សង្ឃឹមធ្លាក់ទឹកចិត្ដ ការអស់សង្ឃឹម និងធ្លាក់ទឹកចិត្ដ ធ្វើឱ្យឆន្ទៈរបស់មនុស្សចុះខ្សោយ។

មនុស្សចូលចិត្ដប្រៀបធៀបប្ដី ឬប្រពន្ធរបស់ខ្លួនទៅនឹងប្ដីឬប្រពន្ធដទៃ ថាគេល្អជាង ទើបមិនសូវអោយតម្លៃគ្នា ។ រៀនដាក់ចុះអាត្ម័ន និងចេះគិតគូរដល់គ្នា មិនថា មានឬក្រ ទើបជីវិតគូរ មានក្ដីសុខ រហូតលាចាកលោកនេះទៅ ហើយភាពក្ដៅក្រហាយស្ដាយក្រោយ ក៏មិនមាន ទៅថ្ងៃអនាគត ។

/

 ការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ មិនមែនចេះតែរលូនទៅមុខនោះទេ ។ ភាពរកាំរកុះ តែងកើតមានជាធម្មតា នៅក្នុងគ្រួសារ ដូចចានក្នុងរាវអីចឹងដែរ ។ តែយើង ក៏អាចរស់នៅជាមួយគ្នាទៅបាន ដោយម្នាក់ៗ ត្រូវចេះអត់ឱនឱ្យគ្នា មិនចចេសយកឈ្នះរៀងខ្លួន ។ ជីវិតប្ដី​ ប្រពន្ធ បើចាំតែចាប់កំហុសគ្នា និងប្រៀបធៀបទៅប្ដីប្រពន្ធគេដទៃថា គេប្រសើរជាងនោះ វានាំឱ្យម្នាក់ៗ មានការអាក់អន់ចិត្ដ និងគ្មានឆន្ទៈ មុតមាំក្នុងការបំពេញកិច្ចការអ្វីនោះ ទេ។

ជាពិសេសខាងប្ដីតែម្ដង បើប្រពន្ធចាំតែរំពឹងលទ្ធផល ដោយមិនគិតពីការនឿយហត់របស់ប្ដី មិនដែលលើកទឹកចិត្ដប្ដី មិនសូវឱ្យតម្លៃប្ដីទេនោះ ឆន្ទៈរបស់គាត់ក្នុងការបំពេញការងារឱ្យជោគជ័យ ក៏ចុះខ្សោយទៅតាមនោះដែរ ។ ប្ដីប្រពន្ធ ត្រូវចេះឱ្យតម្លៃគ្នា និងលើកទឹកចិត្ដគ្នា ទើបជីវិតគូ មានសុភមង្គល ហើយភោគទ្រព្យក៏ហូរចូលទៅតាមនោះដែរ អាស្រ័យដោយកម្លាំងចិត្ដព្យាយាមប្រកបដោយការលើកទឹកចិត្ដ ដូចពាក្យបុរាណខ្មែរ គេតែងពោលថា “សំណាបយោងដី ស្រីយោងប្រុស។

ខ្ញុំនិយាយត្រង់ចំណុចនេះ មិនមែនទម្លាក់កំហុសទៅស្រ្ដីទេ តែខ្ញុំចង់បានន័យថា ស្រ្ដីគឺជាបុគ្គលដ៏សំខាន់នៅក្នុងគ្រួសារ ។ ការយកចិត្ដទុកដាក់របស់នាងចំពោះគ្រួសារ សំដីផ្អែមល្ហែមប្រកបដោយហេតុផល ការលើកចិត្ដរបស់នាងចំពោះស្វាមី ការអោយតម្លៃ ការគោរពចំពោះស្វាមី ទាំងនេះគឺជាអង្គប្រកបដ៏សំខាន់ ដែលធ្វើឱ្យស្វាមីទទួលបាននូវភាពជោគជ័យ ហើយកាលណាគាត់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុហើយ សេចក្ដីសុខ និងសុភមង្គលក៏កើតមានដល់ក្រុមគ្រួសារទៅតាមនោះដែរ ។ ដូចមានឧទាហរណ៍ស្រាប់ បុគ្គលជោគជ័យក្នុងអាជីវកម្មជាច្រើនរូបក្នុងពិភពលោក ដែលទទួលបានជោគជ័យ ផ្នែកហិរញ្ញវត្ថុ និងធ្វើឱ្យវិស័យសេដ្ឋកិច្ចប្រទេសនោះៗរីកចម្រើន សុទ្ធតែសម្រេចបានពីការជួយជ្រួមជ្រែងលើកទឹកចិត្ដពីស្រ្ដីឆ្នើម គឺភរិយានេះហើយ ៕

 

និពន្ធអត្ថបទ៖ សារ៉ាត