ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើងយ៉ាងខ្លាំង នៅតាមបណ្តោយ ផ្លូវព្រះសីហនុ ទល់មុខក្រុមហ៊ុន សេល កាត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ខណៈដែលមានស្រ្តី ២ នាក់ ជិះក្នុងរថយន្តមួយគ្រឿងម៉ាក សាំ យ៉ុង ១២កៅអី ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតបណ្តាលឲ្យជ្រុលធ្លាក់ ពីលើរថយន្តមកលើថ្នល់ បោកក្បាលនឹងថ្នល់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ២១ និង៥០ នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៣ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេត ឃើញរថយន្ត មួយគ្រឿងម៉ាកសាំយ៉ុង ១២កៅអី បើកបរដោយបុរស ជាជនជាតិចិនម្នាក់ នឹងមានរួមដំណើរ ដោយស្រ្តីពីរនាក់ ជាជនជាតិចិនក្នុង រថយន្តផងដែរ។ ដោយរថយន្តមួយគ្រឿងនេះ បើកបរចេញពីកាស៊ីណូ ណាហ្គាវើលក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយ ផ្លូវព្រះសីហនុ ខណៈជិះមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់តែ ស្រ្តីជនជាតិចិន ២នាក់បានធ្លាក់ពីចេញពីក្នុង រថយន្តមកបោកក្បាល នឹងថ្នល់រងរបួសធ្ងន់ធ្ងរ សន្លប់ស្តូក នឹងពាក់កណ្តាលផ្លូវ ចំណែករថយន្ត សាំយ៉ុងបានជិះ ពីចំណុច កើតហេតុជាង ១០០ម៉ែត្រទើបឈប់ ។
បុរសអ្នកបើកបរ រថយន្តបង្កហេតុបាន និយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា ស្រ្តី ២នាក់នេះស្ថិតក្នុងស្ថាន ភាពស្រវឹងស្រា ខ្លាំងពេក ហើយពួកគេបានឈ្លោះប្រកែកគ្នាក្នុងរថយន្តយ៉ាងខ្លាំងតាំងពីចំណុចមុខណាហ្កាវើល រហូតមកដល់ ចំណុចនេះ ទើបស្រ្តី២ នាក់ខាងលើប្រតាយប្រតប់គ្នា បណ្តាលឲ្យធ្លាក់ចេញ ពីក្នុងរថយន្តតែម្តងទៅ ដោយមិនមាន ពាក់ព័ន្ធនឹងបទ ល្មើសអ្វីនោះទេ។
បើទោះបីជាបុរស អ្នកបើករថយន្តនិយាយបែបនេះ ក្តីសមត្ថកិច្ចមូលដ្ឋានក៏នៅបន្តឃាត់ខ្លួន អ្នកបើកបរថយន្ត នឹងឃាត់រថយន្តយកទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ រង់ចាំធ្វើការសាកសួរ ឲ្យដឹងច្បាស់ពីបញ្ហា ខាងលើនេះ ៕





ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល