(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃចន្ទនេះ បានចែករំលែកនូវទេពកោសល្យ របស់បេក្ខនារី «The Voice Cambodia» កញ្ញា រ៉េត ស៊ូហ្សាណា ដែលបានច្រៀងនៅ វគ្គ Live Show កាលពីយប់មិញ។

លោកថា យុវតីខ្មែររូបនេះ គឺជាធនធាន ដែលលោកគោរពនូវការ​យល់ឃើញរបស់នាង ហើយចាត់ទុកថា នេះជាការបង្កើនភាពរីករាយ ដល់សង្គម ដែលមានសន្តិភាព មិនដូចក្រុមមួយចំនួន ដែលធ្វើសកម្មភាព ដែលសង្គមមិនត្រូវការ។

លោក ផៃ ស៊ីផាន បានលើកឡើង នៅលើ Facebook របស់លោកថា «ធនធានមនុស្សដែល តារា កញ្ញា បានលើកឡើងនៅ ​The Voice Cambodia ធ្វើឲ្យខ្ញុំគោរព នូវការយល់ឃើញរបស់នាង។ កូនខ្មែរបាននាំមកជូនសង្គមជាតិ គ្រប់វិស័យ នូវមោទនភាពជាតិ ក្នុងសម័យកាលនេះ។ សន្តិភាព និងការរីកចំរើន ជាកត្តា និងមូលដ្ឋាននៃអ្វីៗទាំងអស់។ វិស័យឯកជន បានចូលរួមនឹងបានបង្កើត នូវភាពរីករាយ។ សម្តេចតេជោ បានរំឭក និងអំពាវនាវ សូមចូលរួមកាពារសន្តិភាពនេះ។ យើងអត់ត្រូវការពួកចលនាអាវខ្មៅ នោះទេ»។

/

យុវតី រ៉េត ស៊ូស្សាណា អាយុត្រឹម១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅសាលាសិង្ហបុរី ដែលបានឆ្លងផុត ជាច្រើនវគ្គ នៅក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី២។ នាងមានទេពកោសល្យខ្ពស់ ក្នុងការច្រៀងចម្រៀងបរទេស។ បទចម្រៀងរបស់នាង ដែលធ្វើឲ្យទស្សនាមើលស្ទើរបាត់ស្មារតី នៅយប់មិញនេះមានចំណងជើងថា « My heart will go on» ជាបទចម្រៀងដ៏ល្បី នៅលើពិភពលោក ដែលស្គាល់តាមរយៈ រឿង Titanic ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង