Samsung ទើបតែបានធ្វើការផលិតជាថ្មីនូវស្មាតហ្វូន ដែលបានបង្ហាញខ្លួន តាំងពីដើមឆ្នាំ របស់ក្រុមហ៊ុន នូវម៉ូដែលពណ៌ខៀវទឹកសមុទ្រ (Blue Coral) ដែលជាពណ៌លេចធ្លោរបស់ Note 7 តែវាមានលក្ខណៈសម្បត្តិនៅដដែល ដូចនឹងម៉ូដែល S7 edge ដើមដែរ។ មុននេះ ស្មាតហ្វូនស៊េរីខ្ពស់របស់ Samsung មានពណ៌ខ្មៅ ទឹកមាស ទឹកប្រាក់ ស និងមាសផ្កាឈូក។ ពណ៌ខៀវទឹកសមុទ្រ គឺជាពណ៌ទី៦ របស់ Galaxy S7 edge បើសិនជាយើងមិនគិតពីបណ្តាម៉ូដែលពិសេសៗដូចជា Injustice និង Olympics Edition នោះទេ។
ម៉ូដែល Galaxy S7 edge ពណ៌ខៀវទឹកសមុទ្រ នឹងត្រូវបានដាក់លក់នៅតៃវ៉ាន់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ក្នុងតម្លៃប្រហែល ៧៨៧ដុល្លារ ហើយនៅសាំងហ្គាពួរចាប់ពីថ្ងៃទី ០៥ ខែវិច្ឆិកា ខាងមុខឆាប់ៗនេះ។

ពណ៌សំបកថ្មី ប៉ុន្តែ Galaxy S7 edge Blue Coral មិនមានអ្វីផ្លាស់ប្តូរលើលក្ខណៈសម្បត្តិនោះទេ បើធៀបនឹងម៉ូដែលដើម កាលពីដើមឆ្នាំ។ ស្មាតហ្វូននៅតែមានអង្គផ្ទុកទិន្នន័យទំហំ 32GB ប្រើប្រាស់ឈីប Exynos 8890 8 Core ឬ Snapdragon 820 4 Core ជាមួយនឹងទំហំ RAM 4GB។ បើធៀបនឹង Note 7 អេក្រង់ QuadHD 2K របស់ S7 edge តូចជាងបន្តិចគឺ 5,5 inch ប៉ុន្តែអេក្រង់សងខាងរបស់វា រាងកោងចូលច្រើនបន្តិច។ កាមេរ៉ាទំហំ 12 megapixel ជាមួយនឹងបច្ចេកវិទ្យា DualPixel មិនមានអ្វីខុសប្លែកគ្នាទេ។
តាមប្រភពព័ត៌មាន GSM Arena បានឲ្យដឹងថា Galaxy S7 edge ពណ៌ខៀវទឹកសមុទ្រ ក៏នឹងគាំទ្របច្ចេកវិទ្យា 4G+ សម្រាប់ប្រព័ន្ធទូរស័ព្ទមួយចំនួន នៅអាស៊ីផងដែរ៕
- បុរសម្នាក់យល់ព្រមប្តូរឈ្មោះកំណើតរបស់ខ្លួន ជា iPhone 7 ដើម្បីទទួលបាន iPhone 7 មួយគ្រឿង មិនគិតថ្លៃ
ប្រែសម្រួល៖ មង្គលប្រភព៖ GSMArena, Vexpress