នៅថ្ងៃទី២៤ ដល់៣០កញ្ញា ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡានឹងរៀបចំការប្រកួតជ្រើសរើសជើងឯក កីឡាទូកប្រពៃណីនិងទូកកានូ-កាយ៉ាក់មួយ នៅតាមដងទន្លេសួនច្បារក្រុងតាខ្មៅខេត្តកណ្តាល។
ទំព័ររបស់គណកម្មធិការអូឡាំពិកកម្ពុជា បានអោយដឹងថា សកម្មភាពនៃការប្រណាំងនេះគឺមានជារៀងរាល់ឆ្នាំ លើកលែងតែកាលពីឆ្នាំ២០១១ កន្លងទៅមិនបានរៀបចំឡើយដោយសារកត្តា ទឹកជំនន់។

ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការប្រកួត ជ្រើសរើស ជើងឯកកីឡាទូកប្រពៃណី និង ទូក កានូ-កាយ៉ាក់ បានឲ្យដឹងថា ការប្រកួតនោះ មានទូកប្រពៃណីខ្នាតអន្តរជាតិបុរស-នារីចំណុះ២២នាក់ប្រកួតលើ ចម្ងាយ ១.០០០ម៉ែត្រ និង ប្រកួតលើចម្ងាយ៥០០ម៉ែត្រ។ ទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ១២នាក់បុរស-នារីប្រកួតលើចម្ងាយ ៥០០ម៉ែត្រ និង ចម្ងាយ ១.០០០ម៉ែត្រ។

ផ្សេងពីនេះផងដែរក៏មានការប្រណាំងទូកកានូចំណុះ ១ នាក់លើចម្ងាយ ២០០ម៉ែត្រ ទូកកាយ៉ាក់ចំណុះ ១នាក់ និង ២ នាក់ចម្ងាយ ២០០ម៉ែត្រ។ ឯមួយវិញ្ញាសាទៀតគឺការប្រណាំងទូក កានូចំណុះ ១ នាក់លើចម្ងាយ៥០០ ម៉ែត្រ និងទូកាយ៉ាក់ចំណុះម្នាក់ និង ២នាក់លើចម្ងាយ ៥០០ ម៉ែត្រ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ nocc