ព័ត៌មានអន្តរជាតិ ៖ បើយោងតាម របាយការណ៍ ក៏ដូចជា ទំព័រសារព័ត៌មាន ដែលទើបតែបានចេញ ផ្សាយនៅថ្ងៃអង្គារនេះ ពីគេហទំព័រ អាស៊ីវ័ន អោយដឹងថា បុរសដែលជា ជនជាតិ ញ៉ូវសេឡេនម្នាក់ ត្រូវបានរកអោយឃើញថា បានទទួលរងរបួសជើង ជាទម្ងន់ ក្រោយពីគាត់ វិលត្រលប់ មកជ្រាំង វិញទាំងភ័យភិត បន្ទាប់ពីមានការប្រយុទ្ធជាមួយនឹង ឆ្លាមកំណាច នៅក្រោមទឹក ជាមួយនឹងកាំបិត របស់គាត់ផ្ទាល់តែម្តង។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ ដែលជាជនជាតិ ញ៉ូវសេឡេន ម្នាក់នេះ មានឈ្មោះថា James Grant ។ ដោយឡែក បើតាមសម្តីជនរងគ្រោះផ្ទាល់តែម្តង បានគូសបញ្ជាក់អោយដឹងថា ករណី មានការវាយប្រហារពីសំណាក់ឆ្លាម សមុទ្រខាងលើនេះ អាចកើតឡើងទៅបាន កាលពីថ្ងៃសៅរ៍ កន្លងទៅ នៅឯឈូងសមុទ្រ Colac ភាគខាងត្បូងប្រទេស ពោលអំឡុងពេលដែលគាត់ បានចេញ ប្រតិបត្តិការកែកំសាន្តរបស់ខ្លួនក្នុងការទៅស្ទូចត្រី ដោយនៅក្នុងនោះ ឆ្លាមបានបើកការវាយប្រហារ ខាំជើងរបស់គាត់។
ស្ថិតនៅក្នុងវ័យ ២៤ ឆ្នាំ លោក James Grant គឺជាជនរងគ្រោះផ្ទាល់
ជាការពិត ភ្លាមៗនោះ ខ្ញុំបាទពិតជាមានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងថា មានការវាយ ប្រហារ ពីសំណាក់ឆ្លាមកំណាច ចំជើងខ្ញុំយ៉ាងដូច្នេះ តែដោយដឹងថា ខ្ញុំបាទ ត្រូវតែរើបម្រាស់អោយ រួចខ្លួន អោយខានតែបាន ស្របពេលដែលមានកាំបិទនៅក្នុងដៃនោះ ខ្ញុំបាទ ក៏ចាក់វា អោយរង របួសដល់ទៅពីរដងឯណោះ នេះបើយោងតាមសម្តីជនរងគ្រោះ វ័យ ២៤ ឆ្នាំរូបនេះ។
ក្រោយពីបានរួចផុត ពីក្រញ៉ាំមច្ចុរាជហើយនោះ គាត់ក៏បានស្ទុះត្រលប់មកជ្រាំងវិញ ដើម្បីព្យាយាម ស្វែងរក កិច្ចអន្តរាគមន៍ ជួយសង្គ្រោះជើងរបស់គាត់ ខណៈមានការជួយជាពិសេស ពីសំណាក់មិត្ត ភក្កិផ្ទាល់របស់គាត់ ក្នុងការទប់ឃាត់ឈាម កុំអោយហូររឹតតែខ្លាំង។
បន្ថែមពីលើនេះ គាត់បាននិយាយថា វាគឹជាការប្រសើរ ប្រសិនណា ខ្ញុំបាទពិតជា បានសម្លាប់ឆ្លាម មួយក្បាលនោះ ពិតប្រាកដមែន ពីព្រោះថា នៅខណៈនោះ នៅឯឆ្នេរសមុទ្រ មានកម្មវិធីប្រកួតប្រ ជែង ស្តីពីកំពូលអ្នកស្ទូចត្រី ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន