ភ្នំពេញៈ ស្របពេលដែលមានតារាប្រុស ស្រី ជាច្រើនកំពុងតែមមាញឹក ក្នុងការចេញទៅកើប លុយនៅក្រៅប្រទេស ជាបន្តបន្ទាប់នោះ ពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា តេង លក្ខណា បែរជាប្រាប់ឲ្យដឹងថា នាងមិនទាន់មានបំណងចង់ចេញ ទៅសម្តែងនៅក្រៅ ប្រទេសទេ ដោយសារនាងមិនទាន់ មានភាពច្បាស់ការ ក្នុងការចេញទៅសម្តែងនៅបរទេស។
ពិធីការិនីនិង ជាតារាសម្តែងរូបស្រស់ កញ្ញា តេង លក្ខណា បានប្រាប់ Looking TODAY ឲ្យ ដឹងតាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២នេះថា ចំពោះការងារសិល្បៈ របស់នាងមួយរយៈ នេះគឺដំណើរការជាធម្មតា មិនទាន់មានអ្វីថ្មីប្លែកនោះទេ ហើយចំពោះគម្រោងចេញ ទៅសម្តែង នៅក្រៅប្រទេសវិញគឺមានខាង Sponsor ទាក់ទងមកច្រើនតែនាងបានបដិសេធ ព្រោះមិនទាន់មានគម្រោងម្យ៉ាងចិត្តក៏មិនទាន់ចង់ចេញទៅ ក្រៅប្រទេសពេលនេះដែរ។
ពិធីការិនីប្រចាំកម្មវិធី “ A1ខនសឺត” កញ្ញា តេង លក្ខណាបានប្រាប់ឲ្យដឹងថា “បើទោះបីជាពេលនេះមានតារា ជាច្រើនបាននាំគ្នាចេញទៅសម្តែង នៅក្រៅប្រទេសក៏ដោយក៏ខ្ញុំ នៅតែរក្សាគោលជំហដដែល គឺមិនទាន់ចង់ចេញទៅសម្តែង នៅទីនោះដោយសារតែ ខ្ញុំចង់ទុកពេលពង្រឹងការងារ ក្នុងស្រុកសិនព្រោះថាការងារ ពេលនេះក៏មមាញឹកច្រើន ហើយមួយវិញទៀតការចេញទៅសម្តែង នៅក្រៅប្រទេសម្តងៗ គឺត្រូវចំណាយពេលវេលាច្រើនខែ ដូច្នេះហើយវាគឺពិតជាពិបាកណាស់ សម្រាប់នាងព្រោះថានាងគឺជាបុគ្គល របស់ស្ថានីយទូរទស្សន៍ ម្យ៉ាងចោលកម្មវិធីយូរទៀត”។
កញ្ញា លក្ខណា បានប្រាប់ទៀតថាកន្លងមកមានខាង Sponsor ទាក់ទងអញ្ជើញនាងទៅ សម្តែងនៅប្រទេសអូស្ត្រាលី កាណាដា អាមេរិកនិងប្រទេស មួយចំនួនទៀតតែជារឿយៗ នាងតែងតែធ្វើឲ្យខាង Sponsor មានការខកចិត្តដោយសារតែ ការបដិសេធរបស់នាងតែទោះបីជា យ៉ាងណានាងក៏សង្ឃឹមថាពួកគាត់ និងយល់ចំពោះហេតុផល របស់នាងតែនៅពេលណាដែលនាង មានពេលទំនេរគ្រប់គ្រាន់អាចដកឃ្លាទៅបាននាង និងទៅព្រោះថាការចេញទៅសម្តែង នៅក្រៅប្រទេសនេះគឺនាងមិនធ្លាប់ ទៅទេតាំងពីនាងចូលសិល្បៈ មកហើយនៅពេលដែលនាងបាត់ឱកាសចេញទៅសម្តែងនេះ ខ្លួននាងផ្ទាល់ក៏មានការ សោកស្តាយខ្លាំងដែរ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល