តាមបណ្ដោយផ្លូវ OCIC ទៅពីរង្វង់មូលបាយ័នជ្រោយចង្វារប្រហែល ៥០០ ម៉ែត្រ លោកអ្នកនឹងបានឃើញដំបូលពណ៌ក្រហមវែងអន្លាយស្អាតប្លែកសង់យករចនាបទ្មបែបខ្មែរ នៅក្នុងផ្ទៃដីដ៏ធំរហូត ២ ហិចតា ទីនោះហើយគឺជាវិមានអាហារដ៏ធំ ដែលមានវត្ដមានដំបូងគេនៅកម្ពុជា ។

/

មិនត្រឹមតែ ផ្ដល់សេវាកម្មម្ហូបអាហារបែបខែ្មរ-ថៃ ចិនកូរ៉េ និងអឺរ៉ុបដ៏មានឱជារសឆ្ងាញ់ពិសាប៉ុណ្ណោះទេ វិមានអាហារក៏ជាទីតាំងផ្ដល់ភាពមនោរម្យដល់ភ្ញៀវ ដែលអញ្ជើញមកពិសាអាហារឱ្យមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្ដ និងបាត់ការនឿយហត់ពីការងារមួយចំនួនធំផងដែរ ។

/

 មិនថាជាការជួបជុំលក្ខណៈគ្រួសារ ឬមិត្ដភក្ដិ វិមានអាហារគឺជាទីតាំងស័ក្ដិសម សម្រាប់ការជួបជុំញ៉ាំអាហាររួមគ្នា និងធ្វើពិធីខួបកំណើត ឬពិធីជប់លៀងផ្សេងៗ មិនតែប៉ុណ្ណោះកូនៗរបស់លោកអ្នកក៏អាចលេងកម្សាន្ដជាមួយនឹងទឹកបាញ់ក្នុងទីធ្លាដ៏ធំទូលាយ និងលេងឧបករណ៍ក្មេងលេងជាច្រើនផ្សេងទៀតផងដែរ ។

/

 លោក រិន រី ប្រធានប្រតិបត្ដិនៃវិមានអាហារជ្រោយចង្វារ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា The Food Palace គឺជាតំបន់ផ្ដល់សេវាកម្មម្ហូបអាហារធំជាងគេនៅអាស៊ី ហើយគោលបំណងធំបំផុតក្នុងការបង្កើត The Food Palace ឡើងគឺដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជន និងបុគ្គលិគបម្រើការនៅក្រុមហ៊ុនធំៗ នៅទីក្រុងជ្រោយចង្វារ ដែលស្វែងរកអាហារ និងភេសជ្ជៈទទួលទានឆ្ងាញ់ មានអនាម័យល្អ និងតម្លៃសមរម្យ  ហើយម្ហូបអាហារ និងភេសជ្ជៈនៅនោះមានតម្លៃត្រឹមតែ ៥០០០ រៀល ដល់ ២០០០០ រៀលប៉ុណ្ណោះ។

/

 ពេលសួរថា ចំណុចពិសេសអ្វីខ្លះ ដែលជាកត្ដាជំរុញឱ្យអតិថិជនជ្រើសរើសមកពិសាអាហារ នៅវិមានអាហារជ្រោយចង្វារ លោក រិន រី និយាយថា ចំណុចពិសេសរបស់វិមានអាហារជ្រោយចង្វារគឺ បរិយាកាសមនោរម្យ ទីតាំងធំទូលាយមិនអាប់អួរ រៀបចំឡើងជាលក្ខណៈ Open Air ខ្យល់អាកាសធម្មជាតិ និងគ្រោងនឹងបង្កើតសួនច្បារធំៗដើម្បីបង្កើនភាពទាក់ទាញ ព្រមទាំងមានចំណតរថយន្ដធំទូលាយ ដែលអាចចតរថយយន្ដរហូតដល់ជាង ៣០០ គ្រឿង ។

/

 លោក រិន រី បន្ថែមថា គម្រោងវិមានអាហារ មិនត្រឹមតែផ្ដល់បទពិសោធន៍ថ្មីនៃរសជាតិអាហារម្រើនជម្រើសដល់អតិថិជនជាមួយនឹងទីតាំងធំទូលាយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដល់ឱកាសឱ្យប្រជាជន ឬអ្នកវិនិយោគទុនខ្នាតតូច អាចផ្ដើមវិនិយោគជាមួយវិមានអាហារជ្រោយចង្វារ  ព្រោះប្រើទុនក្នុងការវិនិយោគទាបក្នុងកម្រិតមធ្យម ៥០០០ ដុល្លារ ហើយចំណែកការធ្វើទីផ្សារវិញ គម្រោងវិមានអាហារ ជាអ្នកទទួលរ៉ាប់រង។

/

 គួរបញ្ជាក់ផងដែរថា គម្រោង វិមាន​អាហារ គឺ​ស្ថិត​នៅ​លើ​មហាវិថី OCIC លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​​ ២ ហិ​កតា ​ក្នុង​ទីក្រុង​រណប ​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC ស្ថិត​នៅ​ភាគ​​ខាងកើត​ជាប់​ច្រាំង​ទន្លេ​នៃ​រាជធានី​ភ្នំពេញ និង​ខាងឆ្វេង​ដៃ​នៃ​រង្វង់​មូល​ថ្មី​ជ្រោយ​ចង្វារ​​ត្រើយម្ខាង​នៃ​ស្ពាន​ជ្រោយចង្វារ ដែល​បច្ចុប្បន្ន​មាន​មហាវិថី​, គម្រោង​ផ្ទះល្វែង​អាជីវកម្ម​, សួន Jurassic Cambodia Dinos Alive, ដី​ជួល​អាជីវកម្ម​ចម្រុះ និង​សំណង់​សំខាន់​​ជា​ច្រើន​បាន​លេច​ចេញ​ជា​រូបរាង​រួច​ហើយ​នៅ​ក្នុង​ទីក្រុង​រណប​ដ៏​ធំ​មួយ​នេះ ៕

/

/

/

/

/

/

/

/

 

អត្ថបទ៖ សារ៉ាត