ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស ដែលទើបតែបានចេញផ្សាយ នាពេលកន្លងទៅបានអោយដឹងថា បុរសជនជាតិជប៉ុនម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក ឆ្នាំ ២០១៣ ខណៈពេលដែលគាត់បានធ្វើអោយសក់គាត់ បះត្រង់ឡើងទៅលើខ្ពស់បំផុតក្នុងលោក។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា យ៉ាងហោចណាស់គេក៏ត្រូវបានចំណាយ ស្ព្រៃបាញ់សក់បីកំប៉ុង និងជែលលាបសក់មួយដបធំដែរក្នុងការលាបសក់ដ៏វែងនេះ បើសិនជាទុកឲ្យវាដុះបានវែងបែបនេះ គេក៏ត្រូវចំណាយពេលដល់ទៅ ១៥ ឆ្នាំ ឯណោះទើបអាចបង្កើតបានជាស្ទីលលក្ខណៈបែបប្រវត្តិសាស្រ្ត ដូចជា បុរសជាតិជប៉ុន កាស៊ូហ៊ីរ៉ូ វ៉ាតាណាប៊ី នេះបាន។
ក្រុមការងារកំណត់ត្រាពិភពលោក បានធ្វើការវាស់វែងសក់នេះ នឹងត្រូវបានរកអោយឃើញថាវាមានប្រវែងដល់ទៅ ១១៣,២៨ សង់ទីម៉ែត្រ។ជនជាតិជប៉ុនរូបនេះបានផ្ដួលលោក ស្តេវិន ស្រូកានៅអាល្លឺម៉ង់ ដែលមានសក់បះវែង កម្ពស់តែ ៨០ សង់ទីម៉ែត្រ ។ បើមិនមានជែលលាបឲ្យរឹងបះឡើងនោះទេ សក់របស់គាត់ប្រាកដជាត្រូវធ្លាក់ដល់ត្រឹមជង្គង់ជាមិនខានឡើយ។

ហេតុ អ្វីបានជាទុកសក់វែងបែបនេះ ? លោក វ៉ាតាណាប៊ី ឆ្លើយថា ៖ «ខ្ញុំពិតមានបំណងចង់បានឈ្មោះស្ថិតនៅក្នុងបញ្ជីរបស់កំណត់ត្រា ហ្គីណេសណាស់ ទោះជាប្រើវិធីអ្វីក៏ដោយ»។ គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ លោក កាស៊ូហ៊ីរ៉ូ វ៉ាតាណាប៊ី ស្ថិតនៅឯឧទ្យានវ៉ាស៊ីនតោន ក្រុងញូវយ៉កដើម្បីចូលរួមពិធីចុះបញ្ជីឈ្មោះសម្រាប់កំណត់ត្រា ពិភពលោកប្រចាំឆ្នាំ២០១៣៕
ដោយ ៖ ពិសីប្រភព ៖ Postkhmer & Rt