មានមុខមាត់ និងត្រកូលដូចឃាតករ និងរស់នៅក្បែរកន្លែងកើតហេតុ Carlos DeLuna បានក្លាយជាជនរងគ្រោះដ៏គួរអោយចុកឈាមបំផុត ដោយសារតុលាការ។

Carlos DeLuna ត្រូវបានកាត់ទោសនៅក្នុងរដ្ឋ Texas កាលពីឆ្នាំ ១៩៨៩ ដោយសារតែអំពើសម្លាប់មនុស្សដែលខ្លួនមិនបានប្រព្រឹត្ដ។ ព័ត៌មានខាងលើនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយសាលាច្បាប់ Columbia និងត្រូវបានប្រកាសកាលពីថ្ងៃទី ១៥ឧសភា។
លោកសាស្ដ្រចារ្យផ្នែកច្បាប់ James Liebman បានមានប្រសាសន៍ថា DeLuna ត្រូវបានតុលាការកាត់ទោសប្រហារជីវិតដោយអយុត្តិធម៌ បើទោះជាមានសាក្សីតែម្នាក់គត់ដែលនិយាយថា បុរសនេះមានទោស ខណៈដែលភ័ស្ដុតាងជាច្រើនបង្ហាញពីប្រការផ្ទុយពីនេះ។ លោកសាស្ដ្រចារ្យផ្នែកច្បាប់ James Liebman រួមជាមួយនិស្សិត ៥នាក់នៅសាលាច្បាប់ Columbia បានចំណាយពេលអស់ ៥ឆ្នាំក្នុងការស្រាវជ្រាវលំអិតពីករណីខាងលើ ដែលត្រូវបានគាត់ហៅថាជា ការបរាជ័យដ៏ធំរបស់ប្រព័ន្ធច្បាប់។
លោកសាស្ដ្រាចារ្យ Liebman ថ្លែងថា ៖ ឈ្មោះ DeLuna អាយុ ២៧ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីការស្រាវជ្រាវមិនត្រឹមត្រូវ។ ពុំមានអ្នកណាម្នាក់គិតថា ការកាត់ទោសនោះមានបញ្ហានោះទេ។ ក្រុមអ្នកស្រាវជ្រាវរបស់លោក សាស្ដ្រាចារ្យ Liebman រកឃើញថា មានបញ្ហាខ្វះចន្លោះស្លាកស្នាម និងឱកាសជាច្រើនត្រូវបានគេរំលងចោលក្នុងពេលស្រាវជ្រាវ បណ្ដាលអោយក្រុមមន្ដ្រីតុលាការសម្រេចផ្ដន្ទាទោស Carlos DeLuna ថាជាឃាតករ បើទោះជាភ័ស្ដុតាងមិនត្រឹមតែបង្ហាញថាបុរសនេះពុំមានទោសនោះទេ តែវាក៏បានបង្ហាញថា ឈ្មោះ Carlos Hernandez ទើបជាឃាតករពិតប្រាកដ។
របាយការណ៍ដែលមានកម្រាស់ ៧៨០ទំព័ររបស់ក្រុម លោកសាស្ដ្រាចារ្យ Liebman ដែលមានដាក់ចំណងជើងថា Los Tocayos Carlos ៖ បកស្រាយពីការកាត់ទោសមិនត្រឹមត្រូវ ដែលនិយាយពីការពិតទាក់ទឹននឹងករណីឃាតកម្ម Wanda Lopez កាលពីខែកុម្ភៈ ឆ្នាំ ១៩៨៣។ Wanda Lopez ជាស្ដ្រីម្នាក់ត្រូវបានគេចាក់សម្លាប់នៅស្ថានិយចាក់ប្រេងសាំងមួយ ជាទីដែលគាត់បានធ្វើការ នៅឯក្រុង Corpus Christi រដ្ឋ Texas។ លោក Liebman ថ្លែងថា ៖ អ្វីៗទាំងអស់ក្នុងករណីនេះគឺសុទ្រតែមិនត្រឹមត្រូវ។ យប់នោះ Lopez បានហៅទូរស័ព្ទមកនគរបាល ដើម្បីអោយជួយការពារគាត់ពីបុរសម្នាក់ដែលមានកាំបិត។ លោក Liebman ថ្លែងទៀតថា ៖ ពួកគេ ប្រហែលជាអាចជួយសង្គ្រោះស្ដ្រីនោះបាន ហើយការប្រកាសថា យើងខ្ញុំនឹងធ្វើការចាប់ខ្លួនជាបន្ទាន់ នោះគឺគ្រាន់តែលាក់បាំងភាពអាមាសតែប៉ុណ្ណោះ។
៤០នាទីបន្ទាប់ពីករណីឃាតកម្មកើតឡើង Carlos DeLuna ត្រូវបានចាប់ខ្លួននៅក្បែរកន្លែងកើតហេតុ។ សាក្សីម្នាក់បាននិយាយថា ខ្លួនបានឃើញបុរសដើមកំណើត Mexico ម្នាក់បានរត់ចេញពីស្ថានិយចាក់ប្រេងសាំង ហើយ DeLuna ក៏មានដើមកំណើត Mexico ។ ប៉ុន្ដែ DeLuna ដែលទើបតែកោរពុកមាត់នោះមិនមានមុខមាត់ដូចឃាតករនោះទេ។ នៅពេលសាក្សីឆ្លើយថា បុរសនោះរត់ទៅទិសខាងជើង រីឯ DeLuna នៅទិសខាងកើត តែគាត់នៅតែត្រូវបានគេចាប់ខ្លួន។ ពេលនោះ DeLuna ថ្លែងថា ៖ ខ្ញុំមិនមែនជាឃាតករ ប៉ុន្ដែខ្ញុំដឹងថា អ្នកណាជាអ្នកដៃដល់។ DeLuna ប្រាប់ថា ខ្លួនបានឃើញ Carlos Hernandez ដើរចូលទៅក្នុងស្ថានិយចាក់ប្រេង។
DeLuna និយាយថា នៅពេលឃើញនគរបាល ខ្លួនបានរត់គេចខ្លួនដោយសារតែកំពុងស្ថិតក្នុងអំឡុងពេលនៃការតាមដាន បន្ទាប់ពីបានចេញពីពន្ធនាគារ ហើយពេលនោះខ្លួនកំពុងស្រវឹងស្រា។ Carlos Hernandez ត្រូវបានគេដឹងច្រើនដោយសារធ្លាប់ប្រើកាំបិតសម្លាប់មនុស្ស និងធ្លាប់ជាប់ពន្ធគារ។ ក៏ប៉ុន្ដែនៅក្នុងសាវនាការកាត់ទោស DeLuna រដ្ឋអាជ្ញាបាននិយាយជាមួយចៅក្រមថា ជនដែលមាន ឈ្មោះ Hernandez គឺមិនខុសអ្វី ពីបុគ្គលដែល DeLuna ប្រឌិតឡើង។ ចំណែកមេធាវីរបស់ DeLuna វិញថែមទាំងនិយាយថា ឈ្មោះ Carlos Hernandez អាចមិនមែនជាមនុស្សពិតនោះទេ។
ប៉ុន្ដែ កាលពីឆ្នាំ ១៩៨៦ កាសែតក្នុងស្រុកមួយបានចុះផ្សាយរូបថតរបស់ Hernandez នៅក្នុងអត្ថបទមួយនិយាយអំពីករណី DeLuna ។ បន្ទាប់ពីសាវនាការប្រញាប់ប្រញាល់នោះ DeLuna ត្រូវបានកាត់ទោសប្រហារជីវិតដោយចាក់ថ្នាំពុលកាលពីឆ្នាំ ១៩៨៩។
លោកសាស្ដ្រាចារ្យ Liebman ក៏បាននិយាយថា រហូតដល់ថ្ងៃស្លាប់ដោយសារជម្ងឺថ្លើម Hernandezតែងតែសារភាពថា ខ្លួនជាអ្នកសម្លាប់ Wanda Lopez។ របាយការណ៍នេះបាននិយាយក្នុងទីបញ្ចប់ថា ៖ ពិតជាសំណាងមិនល្អ ការខ្វះចន្លោះនៃប្រព័ន្ធតុលការបានកាត់ទោសប្រកបដោយភាពមិនត្រឹមត្រូវចំពោះ DeLuna៕
ដោយ ៖ សូរីយ៉ាប្រភព ៖ AFP/The Atlantic