ភ្នំពេញៈ យុវជនម្នាក់ បានស្រែហៅឲ្យគេជួយនៅខាងមុខផ្ទះ រួចហើយដួលដាច់ខ្យល់ស្លាប់តែម្តងទៅ បន្ទាប់ពីយុវជនរូបនេះ រួមនឹងមិត្តភក្តិ៤នាក់ ផឹកស៊ីនៅ   ផ្ទះជួលគេរួចហើយ ក៏ដើរទៅក្លិនម្នាក់ឯងដើម្បីកំសាន្តលេង ប៉ុន្តែ ខណៈដើរចេញពីផ្ទះបានបន្តិច ក៏ជួបនឹងជនដៃដល់ពីរនាក់ ពេលនោះមិនដឹងជាមានរឿងអ្វី ស្រាប់តែជនដៃដល់ទាំងពីរ បានស្ទុះមកប្រតាយប្រតប់ ជាមួយជនរងគ្រោះ និងចាក់ជនរងគ្រោះមួយកាំបិត ចំលើដោះខាងស្តាំ រួចហើយក៏រត់គេចខ្លួន បាត់ចំណែកឯជនរងគ្រោះ រត់ត្រឡប់ទៅផ្ទះជួលវិញ ដល់ខាងមុខផ្ទះ ស្រែកឲ្យគេជួយផង ដួលស្លាប់តែម្តងទៅ ។

បើតាមអ្នកជិតខាងនិយាយថា កាលពីកន្លងមក   ធ្លាប់ឃើញជនរងគ្រោះជជែកគ្នា ជាមួយមនុស្ស២នាក់ ។ ហេតុការណ៍ចាក់គ្នា   បណ្តាលឲ្យស្លាប់នេះ  កើតឡើង កាលពីវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣   ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា    ជនរងគ្រោះមានឈ្មោះ អូន ពន្លក ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរជាកម្មករោងចក្រកាត់ដេរសម្លៀកបំពាក់ ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិសន្ទុកក្រៅ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវជនដៃដល់ចាក់ ១កាំបិត ចាំលើដោះស្លាប់ បន្ទាប់ពីរត់ទៅដល់ខាងមុខផ្ទះជួល។ ចំណែកឯជនដៃដល់មានគ្នា ២នាក់ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។

បើយោងតាម   អ្នកនៅជិតខាងផ្ទះជួល របស់ជនរងគ្រោះវិញ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ រួមនឹងមិត្តភក្តិរបស់គេ៤នាក់ បាននាំ  គ្នាផឹកស៊ីនៅនឹងផ្ទះជួលរបស់គេ បន្ទាប់ពីផឹករួចហើយ មិត្តភក្តិក៏បែកគ្នាអស់ ចំណែកឯជនរងគ្រោះ ក៏បានដើរចេញពីផ្ទះ ក្នុងគោលបំណងទៅ ក្លឹបរាំលេង លុះពេលគេដើរចេញទៅបានបន្តិច ក៏ជួបនឹងជនដៃដល់ ហើយបានប្រតាយប្រតប់គ្នា   ត្រូវជនដៃដល់ចាក់ ១កំាបិត ចាំលើដោះខាងស្តាំ រួចហើយជនរងគ្រោះ ក៏រត់ត្រឡប់មកផ្ទះជួលវិញ  មកដល់ខាងមុខផ្ទះ ស្រែកហៅឲ្យគេជួយ   រួចហើយក៏ដួលស្លាប់នៅខាងមុខផ្ទះ  តែម្តងទៅ ។ រីឯជន ដៃដល់វិញ ក៏នាំគ្នារត់គេចខ្លួនបាត់អស់។

បើយោងតាម   អ្នកជិតខាងដដែល បាននិយាយថា កន្លងមកជាច្រើនថ្ងៃមកហើយ គេធ្លាប់ឃើញ   ជនរងគ្រោះជជែក   ជាមួយមនុស្ស  ២នាក់ តែពុំត្រូវ   បានគេស្គាល់អត្តសញ្ញាណនោះទេ ។

ប្រភពបានបន្តថា ក្រោយពេលកើតហេតុបន្តិច   នគរបាលមូលដ្ឋាន  បានចុះទៅដល់កន្លែងកើតហេតុភ្លាម ដើម្បីពិនិត្យសព រួចហើយក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល