ក្រុមអ្នកតារាសាស្ដ្រអាមេរិក ព្រមានអំពីអាចម៍ផ្កាយយក្សមួយដែលមានអង្កត់ផ្ចិត ៣,២គីឡូម៉ែត្រ អាចនឹងបង្កឱ្យមានរញ្ជួយដី និងរលកយក្ស គំរាមកំហែងដល់មនុស្សជាតិ។

/

អាចម៍​ផ្កាយ 2000 ET70 ដែលមាន​អង្កត់ផ្ចិត​ ៣,២គីឡូម៉ែត្រ មានទំហំ​ប៉ុនភ្នំ

ក្រុមតារាវិទូមកពីសកលវិទ្យាល័យ California, Los Angeles និងសកលវិទ្យាល័យផ្សេងទៀតនៅអាមេរិក កំពុងតែតាមដានអាចម៍ផ្សាយដែលមានឈ្មោះថា 2000 ET70 ដើម្បីស្វែងយល់ឱ្យបានច្បាស់ជាងនេះអំពីទំហំ រូបរាង និងការវិលរបស់វា នេះបើតាមទំព័រ The Sun ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៨កន្លងទៅ។ បណ្ដាលក្ខណៈពិសេសខាងលើ កំណត់នូវផ្លូវហោះហើររបស់អាចម៍ផ្កាយនេះក្នុងអវកាស ដូច្នេះវាពិតជាមានសារសំខាន់ក្នុងការវាយតម្លៃនូវគ្រោះថ្នាក់ចំពោះមនុស្សជាតិ។

យោងតាមអ្នកវិទ្យាសាស្ដ្រ ទំហំ និងទិសដៅហោះហើររបស់ 2000 ET70 ប្រែក្លាយវាទៅជាអាចម៍ផ្កាយដែលមានគ្រោះថ្នាក់។ តាមរយៈការពិនិត្យមើលពីស្ថានិយតារាសាស្ដ្រ Arecibo នៅ Puerto Rico និងប្រព័ន្ធរ៉ាដា Goldstone នៅ  California អាមេរិក ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញថា អាចម៍ផ្កាយនេះមានរូបរាងដូចកណ្ដាប់ដៃ  ហើយអង្កត់ផ្ចិតរបស់វាឡើងដល់  ៣,២គីឡូម៉ែត្រ។

/

រូប​ភាព​ទាំងនេះ​របស់​អាចម៍ផ្កាយ ត្រូវ​បានថត​ដោយ​ប្រើ​រ៉ាដា និង​បច្ចេកទេស​ពិនិត្យ​ដទៃ

អាចម៍ផ្កាយ 2000 ET70 នេះ ធ្លាប់បានហោះក្បែរផែនដីនៅចម្ងាយ ៦,៨លានគីឡូម៉ែត្រ កាលពីឆ្នាំ ២០១២។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្របានព្យាករណ៍ថា វាអាចនឹងហោះមកកាន់តែក្បែរផែនដី នៅក្នុងទសវត្សរ៍ និងសតវត្សរ៍ខាងមុខ ហើយវាក៏អាចនឹងហោះមកបុកផែនដីផងដែរ៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ The Sun