ភ្នំពេញ ៖ យ៉ាងហោចណាស់ ស្ដ្រីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯ ២ នាក់ផ្សេងទៀត ក្នុងនោះម្នាក់ជាម្ចាស់ម៉ូតូ កង់ ៣ បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយ កើតហេតុ បន្ទាប់ពីមានរថយន្ដលុច្សស៊ីស ១ គ្រឿង ដែលអ្នកបើកបរមានអាការៈ ស្រវឹង ឡើងជោកជាំ បើកក្នុងល្បឿនលឿន និង បញ្ច្រាសទិសចរាចរ ជ្រុលទៅបុកម៉ូតូ កង់ ៣ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិស គ្នា ។
គ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់ និង បណ្ដាលឱ្យមនុស្សស្លាប់ រងរបួសចំនួន ៣នាក់ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ២ និង២០នាទីយប់ រំលង អាធ្រាត្រ ចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះលេខ១៣៣ តាមបណ្ដោយ ផ្លូវលេខ ១៨២ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ ៧ មករា ។ គ្រោះថ្នាក់ចរាចរដែល បានកើតឡើងខាងលើនេះ ផ្ដើមចេញពីអ្នក បើករថយន្ដ មានជាតិស្រវឹង និង បើកមិន គោរពច្បាប់ចរាចរ ធ្វើឱ្យប៉ះពាល់ដល់អ្នក រួមដំណើរផ្សេងទៀត ។
យោងតាមមន្ដ្រីនគរបាល ចរាចរជើង គោក រាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ នៅនឹងកន្លែងកើត ហេតុនោះ ឈ្មោះ សួន ដាលីស ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅក្នុងបុរីពិភពថ្មី តាម បណ្ដោយផ្លូវវ៉េងស្រេង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកជនរងគ្រោះ ២នាក់ផ្សេងទៀត ដែលរងរបួសធ្ងន់ រួមមាន ទី១ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុក កំណើតនៅភូមិ ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ បច្ចុប្បន្ន ស្នាក់នៅ ក្នុងរាជធានីភ្នំពេញ ហើយមានមុខរបរជា អ្នករត់ម៉ូតូកង់ ៣ និងទី២ ឈ្មោះ សួន ស្រី ពៅ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅក្នុងបុរី ពិភពថ្មី តាមផ្លូវវ៉េងស្រេង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែល រួមដំណើរជាមួយជនរងគ្រោះដែលស្លាប់។
មន្ដ្រីនគរបាលចរាចរជើងគោក បានឱ្យ ដឹងថា មុនពេលកើតហេតុរថយន្ដលុច្សស៊ីស RX ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២ឡ-៥៣៥២ បើកបរ ដោយបុរស ម្នាក់ឈ្មោះ វង់ ដារ៉ាវុធ អាយុ ៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកក្រូចឆ្មា ខេត្ដកំពង់ចាម បានធ្វើ ដំណើរបញ្ច្រាសរបាំងថ្ម បែងចែកទ្រូងផ្លូវ លេខ ១៨២ ក្នុងទិសដៅពី លិចទៅកើត លុះ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ រថយន្ដរេចង្កូតទៅបុកម៉ូតូសន្ដោងរ៉ឺម៉កម៉ាក ស៊ីធីប្លើស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំ ពេញ ១ពភ-២៨៣៨ ដែលកំពុងធ្វើដំណើរមក ពីខាងមុខ បណ្ដាលឱ្យស្ដ្រីម្នាក់ដែលជិះនៅ លើម៉ូតូកង់ ៣ស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ បន្ទាប់ពីរថយន្ដបង្កបានបុកម៉ូតូកង់៣ ទៅផ្ទប់ នឹងទ្វារដែកផ្ទះល្វែង នៅក្បែរកន្លែង កើតហេតុនោះ ។
យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលចរាចរជើងគោក ក្រោយកើតហេតុ អ្នកបើករថយន្ដបង្ក ដែលមានអាការៈ ស្រវឹងនោះត្រូវបានឃាត់ខ្លួនភ្លាមៗផងដែរ បន្ទាប់ពីរថយន្ដរបស់គេទៅមុខលែង រួច និងបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ ធ្ងរ ។ ក្រោយកើតហេតុមន្ដ្រីនគរបាលចរាចរបានពិនិត្យជាតិអាល់កុល អ្នកបើករថយន្ដបង្ហាញថា អ្នកបើករថយន្ដរូបនេះ មានជាតិ អាល់កុល ០,៨៣ មីលីក្រាម ក្នុង១លីត្រ ខ្យល់ ។ អ្នកបើករថយន្ដបង្កដែលបច្ចុប្បន្ន រស់នៅផ្ទះជួល តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា និងបម្រើ ការងារនៅក្លឹបមួយកន្លែង បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនបានទៅចូល រួមពិធីខួបកំណើតក្មួយ នៅបុរីទួលគោក ។ អ្នកបើករថយន្ដបង្ក រូបនេះបានបន្ដថា ក្រោយ ពីបានចូលរួម និង បានផឹកស៊ីនៅក្នុងកម្មពិធី នោះ ប្រហែល ៣០នាទី ក៏បើករថយន្ដទៅ ធ្វើការវិញ លុះដល់វេលាម៉ោង ១ជាង បាន ចេញពីកន្លែង ធ្វើការ ដោយបើករថយន្ដតាម ផ្លូវលេខ ២១៧ លុះមកដល់រង្វង់មូលនាង គង្ហីង ក្នុងល្បឿនប្រហែល ៦០គីឡូម៉ែត្រ ក្នុង ១ម៉ោង ក៏បត់ស្ដាំចូលផ្លូវលេខ ១៨២ ឆ្ពោះទៅខាងកើត ។ ពេលបត់បានបន្ដិច ស្រាប់តែម៉ូតូ១គ្រឿង បើកបញ្ច្រាស ភ្លាមៗ នោះ អ្នកបើករថយន្ដបានគេចមកឆ្វេងក៏ ជ្រុលទៅបុកម៉ូតូកង់ ៣ តែម្ដងទៅ ។
គួរបញ្ជាក់ថា ដោយសារតែអ្នកបើកបរ មួយចំនួន មិនបានគោរពច្បាប់ចរាចរ ពោល បើកបរដោយមានអាការៈស្រវឹង និងបើក បរ មិនគោរពភ្លើងសញ្ញាបានបង្កឱ្យមាន គ្រោះថ្នាក់ចរាចរ កើតឡើងជាបន្ដបន្ទាប់។
នាយការិយាល័យ ចរាចរជើងគោករាជ ធានីភ្នំពេញ លោក ហេង ចាន់ធារី បានថ្លែង ថា ដោយអនុវត្ដាមបទបញ្ជារបស់លោក ស្នងការឧត្ដមសេនីយ៍ ជួន សុវណ្ណ កម្លាំងនគរបាល ចរាចររាជធានីភ្នំពេញ សហការ ជាមួយកម្លាំងនគរបាលទាំង ៩ខណ្ឌ បាន និង កំពុងបន្ដប្រតិបត្ដិការ ដូចភ្លៀងរលឹមតាម រយៈការឃាត់ខ្លួន អ្នកបើករថយន្ដទាំង ឡាយណា ដែលមានអាការៈស្រវឹង ហើយ បង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យអ្នកដទៃ ស្លាប់ និង ខូចខាតទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ គឺសមត្ថកិច្ចកសាងសំណុំរឿង និង បញ្ជូនខ្លួនជនទាំងនេះ ទៅកាន់តុលាការ ។
នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានឱ្យ ដឹងថា បច្ចុប្បន្ន អ្នកបើករថយន្ដបង្ករូបនេះរួមទាំងរថយន្ដត្រូវបានឃុំខ្លួន និងរក្សាទុក ជាបណ្ដោះអាសន្ន នៅការិយាល័យចរាចរ ជើងគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជ ធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕











ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល