ឧទ្យានជាតិរាម ត្រូវបានប្រកាសជាតំបន់អភិរក្សនៅឆ្នាំ១៩៩៣ ដោយព្រះរាជក្រិត្យ ពីព្រោះតែតម្លៃជាតិ វិទ្យាសាស្ត្រ អប់រំ និងកម្សាន្ត។
នៅពេលឈានជើងមកដល់ឧទ្យានដែលស្ថិតនៅចម្ងាយប្រហែលជា១៨គម ខាងកើតខេត្តព្រះ សីហនុ នេះ ខ្ញុំមានអារម្មណ៍ថា ភាពតានតឹងទាំងឡាយក្នុងអារម្មណ៍របស់ខ្ញុំ បានរសាយបាត់ ហើយជំនួសមកវិញដោយភាពស្រស់ស្រាល សប្បាយរីករាយឥតឧបមា។
ជាលើកដំបូងបានមកកាន់ទីនេះ ខ្ញុំក៏បានចាប់ផ្ដើមស្វែងយល់ និងទស្សនាសត្វនានា ដូចជាស្វា ផ្សោត ប្រើស ជ្រូកព្រៃ និងបក្សាបក្សីជាច្រើនប្រភេទ នៅលើផ្ទៃដីប្រមាណ ២១ ០០០ហិកតា ទីនេះគឺជម្រកដ៏សុខសាន្ដបំផុតរបស់សត្វទាំងឡាយ។
ឧទ្យាននេះមានព្រៃភ្នំ ព្រែក មាត់សមុទ្រ កោះ និងច្រាំងដែលមានផ្កាថ្មគួរអោយចាប់អារម្មណ៍សមតាមចំណូលចិត្តរបស់ខ្ញុំ ហើយដោយសារតែជាលើកទីមួយក្នុងដំណើរកំសាន្ដមកទីនេះ ខ្ញុំបានព្យាយាមដើរមើលអោយបានច្រើនកន្លែង ប៉ុន្ដែយ៉ាងណា ខ្ញុំក៏នៅតែមិនអាចមើលបានសព្វ។
បុគ្គលិកទាំងឡាយនៅឧទ្យានជាតិនេះ បានធ្វើអោយខ្ញុំកាន់តែសប្បាយចិត្ដ ដោយការបម្រើសេវាកម្ម ជូនដំណើរកម្សាន្តដោយទូក ឬក៏ជូនដោយថ្មើរជើងទៅកាន់តំបន់ដែលគួរអោយចាប់អារម្មណ៍ផ្សេងៗ។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយនឹងបានទៅកាន់ ឧទ្យានជាតិរាម ម្ដងទៀត៕




ដោយ ៖ សូរីយ៉ាប្រភព ៖ TC