មន្ដ្រីផ្នែកគម្រោងការគ្រួសារម្នាក់   នៅភាគខាងត្បូងនៃប្រទេសចិន  ត្រូវបានគេរកឃើញបាន មានជាប់ទាក់ទឹននឹងសកម្មភាពជួញដូរកុមារ ដោយក្រុមនគរបាលបាន  សង្ស័យថា អ្នកស្រី បានផ្ដល់ការគាំទ្រ និងជួយដល់សកម្មភាពជួញដូរក្មេងចំនួន៤នាក់។

ទំព័រ China Youth Daily បានរាយការណ៍ថា មន្ដ្រីម្នាក់ដែលត្រូវបានរកឃើញ ថាមានជាប់ទាក់ទឹននឹងការជួញដូរកុមារនោះ គឺអ្នកស្រី Wang Yiping ប្រធានផ្នែកនៃគម្រោងពន្យាកំណើតរបស់ស្រុក Anxi ខេត្រ Fujian និងជាម្ដាយដែលមានកូន ៤នាក់។

/កុមារដែលត្រូវបានជួយសង្គោះ កាលពីឆ្នាំ ២០០៦

បន្ទាប់ពីនគរបាលរកឃើញកំហុស ស្ដ្រីដែលជាប្រធានផ្នែកគម្រោងពន្យាកំណើតរូបនេះ ក៏បានសារភាពថា កាលពីពេលថ្មីៗនេះ ខ្លួនបានលក់ក្មេងប្រុសម្នាក់ទៅឱ្យស្ដ្រីម្នាក់នៅ Fujian ក្នុងតម្លៃ៥២,០០០ Yuan (៨,៣០០ដុល្លារ)។ ប្រភពព័ត៌មានបន្ដថា ស្ដ្រីជាជនល្មើសនេះ ក៏បាននិយាយថា ក្មេងប្រុសដែលខ្លួនបានលក់នោះ គឺកាលពីមុនគាត់បានទិញពីអ្នកជួញដូរកុមារម្នាក់    ក្នុងតម្លៃ ៥០,០០០  Yuan ។

ខណៈពេលកំពុងស្រាវជ្រាវ នគរបាលបានរកឃើញស្ដ្រីដែលបានទិញក្មេងប្រុសពីអ្នកស្រី Wang Yiping ។ ប៉ុន្ដែ ស្ដ្រីម្នាក់នោះប្រាប់ថា គាត់បានលក់ក្មេងនោះទៅឱ្យ ប្ដីប្រពន្ធមួយគូ នៅស្រុក Anxi ក្នុងតម្លៃ ៦០,០០០ Yuan ។

ពេលនោះ នគរបាលក៏ស្រាវជ្រាវរកឃើញ ប្ដីប្រពន្ធរូបនោះ ប៉ុន្ដែ ពួកគេបានលក់កុមាររងគ្រោះនោះទៅឱ្យស្ដ្រីម្នាក់ទៀត ដែលមានឈ្មោះថា Zhang ដោយតម្លៃ ៦២,៨០០ Yuan ។

ចំណែកអ្នកស្រី Zhang និយាយថា មូលហេតុដែលខ្លួនទិញក្មេងប្រុសនេះ គឺដោយសារចង់បានកូនប្រុសម្នាក់ទៀត ព្រោះកូនប្រុសដែលមានអាយុ ១៩ឆ្នាំរបស់គាត់មានជម្ងឺប្រចាំកាយ។

នគរបាលបានឱ្យដឹងថា ក្មេងប្រុសខាងលើត្រូវបានគេចាប់នៅក្នុងខេត្រ Yunnan កាលពីខែធ្នូឆ្នាំទៅ។ បច្ចុប្បន្ន មិនទាន់ដឹងថា ក្មេងនេះបានវិលទៅជួបពុកម្ដាយគេហើយ ឬនៅទេ។

គួរំលឹកថា ស្ថានភាពជួញដូរកុមារនៅប្រទេសចិន បានកើនឡើងច្រើន បើទោះជាមានការខិតខំទប់ស្កាត់ពីរដ្ឋាភិបាលយ៉ាងណាក៏ដោយ។

 

ដោយ ៖ សីហាប្រភព ៖ DT