កាលពី ២០ឆ្នាំមុន ការបង្ហាញខ្លួនរបស់ឧបករណ៍មួយប្រភេទដែលមានឈ្មោះថា Simon អាចត្រូវបានគេចាត់ទុកថា ជាដំណាក់កាលដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្ដ្រនៃវិស័យទូរស័ព្ទឆ្លាតវៃ។

ទូរស័ព្ទឆ្លាតវៃ Simon ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន IBM និងក្រុមហ៊ុនផលិតឧបករណ៍ចល័ត BellSouth របស់អាមេរិក។ IBM បកស្រាយថា មូលហេតុដែល ឧបករណ៍នេះ មានឈ្មោះថា Simon នេះ គឺព្រោះតែជាឧបករណ៍ដ៏សាមញ្ញ និងអាចបំពេញការងារស្ទើរតែទាំងអស់ ដែលអ្នកប្រើប្រាស់ត្រូវការ។ Charlotte Connelly ដែលជាបុគ្គលិកនៅសារមន្ទីរវិទ្យាសាស្ដ្រ London ឱ្យដឹងថា ឧបករណ៍នេះ ត្រូវបានបង្កើតឡើង ក្រោមគំនិតមួយដែលចេញពីល្បែងមួយ ដែលមានឈ្មោះថា Simon says។

ធៀបនឹងស្មាតហ្វូនបច្ចុប្បន្ន Simon គ្រាន់តែជាទូរស័ព្ទមូលដ្ឋានមួយដែលហួសសម័យ និងស្ទើរតែមិនមានអ្នកស្គាល់ ក្នុងពិភពលោក។ ប៉ុន្ដែ នៅក្នុងអំឡុងឆ្នាំ ១៩៩៤ វាគឺជាផលិតផលកំពូល និងទំនើបបំផុត ដោយសារវាមានអេក្រង់ LCD ពណ៌បៃតង និងបំពាក់បច្ចេកវិទ្យាថាច់ស្រ្គីន ប្រើប្រាស់ប៊ិច stylus ។
ផ្នែកទន់របស់ទូរស័ព្ទនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ កត់ត្រា គូររូប ពិនិត្យកាលវិភាគនៃការងារ និងបញ្ជីឈ្មោះទំនាក់ទំនង ព្រមទាំងអាចទទួល ឬផ្ញើ fax និងទូរស័ព្ទចេញចូល។ល។ Simon ក៏មានអង្គចងចាំមួយ ដើម្បីដំឡើងផ្នែកទន់របស់ភាគីទីបី ដែលបច្ចុប្បន្ន វាគឺជាប្រភពនៃកម្មវិធី (app) ។

ប៉ុន្ដែ ដោយមានប្រវែង ២៣ស.ម Simon មានរូបរាងដូចទៅនឹងឥដ្ឋមួយដុំ ដែលមានភ្ជាប់ដែក (អង់តែន) មួយកំណាត់។ ថ្មរបស់ Simon មានទម្ងន់ដល់ទៅជិត ៥០០ក្រាម ប៉ុន្ដែ មានថាមអាចឱ្យហៅចេញចូលជាបន្តបន្ទាប់ ត្រឹមតែ ១ម៉ោងប៉ុណ្ណោះ។
យ៉ាងនេះក្ដី Simon នៅតែជាស្នូលនៃបដិវត្តមួយ ក្នុងជំនាន់នោះ។ Connelly បន្តឱ្យដឹងថា ៖ “Simon គឺជាផលិតផលដំបូង ដែលបំពាក់បច្ចេកវិទ្យាចំនួន ២ (ឧបករណ៍ឌីជីថលឯកជន(PDA) និងទូរស័ព្ទចល័ត) ចូលក្នុងឧបករណ៍តែមួយ។”

Simon ត្រូវបានដាក់លក់តែ នៅក្នុងទីផ្សារអាមេរិកប៉ុណ្ណោះ ហើយតម្លៃដំបូងរបស់វា គឺ ៨៩៩ដុល្លារ។ ស្មាតហ្វូនដំបូងនេះ ត្រូវបានគេលក់ចេញ ជិត ៥ម៉ឺនគ្រឿង ហើយអតិថិជនរបស់ស្មាតហ្វូននេះ ភាគច្រើន គឺជាអ្នកជំនួញ។ ថ្វីបើជាឧបករណ៍កំពូល ប៉ុន្ដែ Simon មិនបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍នោះទេ ព្រោះវា ដើរមុនយុគសម័យទំនើប ហួសខ្លាំងពេក ពោលគឺថា អត្ថន័យនៃស្មាតហ្វូន កាលណោះ គឺជាអ្វីមួយដែលពិភពលោកមិនទាន់យល់ដឹងច្រើន។
Connelly ថ្លែងថា Simon បានធ្លាក់ថ្លៃ មកនៅត្រឹម ៥៩៩ដុល្លារ ក្រោយពីបង្ហាញខ្លួនក្នុងទីផ្សារ បានកន្លះឆ្នាំ មុននឹងវាដកខ្លួនចេញទាំងស្រុងពីទីផ្សារ។

ចំពោះបរាជ័យរបស់ Simon អ្នកស្រី Connelly បកស្រាយថា ទីមួយ តម្លៃរបស់វា ថ្លៃហួសពេក ទីពីរគឺថាមពលថ្ម ប្រើបានតែ ១ម៉ោង និងទីបី គឺ ពេលនោះ មិនទាន់មានអ៊ីនធឺរណែត សម្រាប់ទូរស័ព្ទចល័ត។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail