យោងតាមរបាយការណ៍អំពី​ការស្លាប់​ភ្លាមៗ គេដឹងថា មនុស្សស្លាប់ដោយ​ការ​វាយប្រហារ​ពីត្រីឆ្លាម គឺមានចំនួន​តិច​ជាង​ បើធៀបនឹង​ការស្លាប់​ដោយ​ការថត​រូបខ្លួនឯង(Selfie)។

ថ្មីៗនេះ អ្នកទេសចរណ៍​ជនជាតិអាលឺម៉ង់ម្នាក់ ទើបតែបានស្លាប់​ ខណៈកំពុង​លោតថត​រូបខ្លួនឯង នៅតំបន់​ប្រាសាទ Machu Picchu នៅ Peru កាលពីសប្ដាហ៍មុន។ ក្រុមមន្ដ្រី​មានសមត្ថកិច្ច បានរកឃើញសាកសព​ជនរងគ្រោះ នៅក្នុង​ចម្លោះថ្មភ្នំ​មួយ​កាលពីថ្ងៃទី ៣០​ឧសភាកន្លងទៅ។ BBC ចុះផ្សាយថា ជនរងគ្រោះម្នាក់នេះ មានឈ្មោះថា Oliver Park អាយុ ៥១ឆ្នាំ។

/

បុគ្គលិក​នៅតំបន់ទេសចរណ៍​ Machu Picchu ឱ្យដឹងថា Park មិនបានយកចិត្តទុកដាក់ទៅលើ​ស្លាកសញ្ញា​ព្រមានអំពីគ្រោះថ្នាក់នោះទេ។ Park បានធ្លាក់ពីលើចង្កេះភ្នំ ខណៈកំពុង​លោត​ដើម្បីថតរូប​ខ្លួនឯង។

យោងតាមការ​រកឃើញ​របស់ The Metro គេបានដឹងថា ការស្លាប់ដោយសារ​ selfie កាន់តែមានច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ ២០១៥ មានអ្នកស្លាប់ដោយសារ​ selfie ឡើងដល់ ១២នាក់។

គេហទំព័រ Priceonomics រាយការណ៍ថា ចាប់តាំពីខែមករា ឆ្នាំ ២០១៤ ដល់ខែមករា ឆ្នាំ ២០១៦ មានមនុស្សស្លាប់ដោយសារ​ selfie មានចំនួន ៤៩នាក់។ ពួកគេ​ភាគច្រើន មានអាយុជាមធ្យម ២១ឆ្នាំ ហើយ ៧៥% គឺជាបុរស។

កាលពីខែ​មិនា​កន្លងទៅ គ្រោះថ្នាក់មួយដូចគ្នា​នេះបានកើតឡើងនៅ Washington។ បុរសម្នាក់​បានបាញ់ខ្លួនឯង ខណៈកំពុង​ថតរូប ជាមួយនឹងកាំភ្លើងដែលគាត់ស្មានថា​គ្មានគ្រាប់។

/

ថ្វីបើកន្លែងខ្លះ មានការព្រមានអំពីគ្រោះថ្នាក់​ដោយសារការថត​ selfie ប៉ុន្តែ មនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់នោះទេ

កាលពីឆ្នាំ ២០១៥ នៅឥណ្ឌា មនុស្សមួយក្រុម មានគ្នា​ ៤នាក់ បានឡើងលើផ្លូវរទេះភ្លើង ដើម្បីថតរូប ខណៈរថភ្លើងជិតនឹងមកដល់។ ដោយសារ​រថភ្លើងមានល្បឿនលឿន ពួកគេក៏លោតចុះមិនទាន់ បណ្ដាល​ឱ្យមនុស្សបីនាក់បានស្លាប់ នេះបើតាមគេហទំព័រ Times of India។

ក្រសួង​មហាផ្ទៃ​រុស្សី បានព្រមានអំពីគ្រោះថ្នាក់ដោយសារ​ការថត​រូបខ្លួនឯង ខណៈមានមនុស្សស្លាប់ជាច្រើននាក់ ក្នុងឆ្នាំ ២០១៥។

ប្រែសម្រួល ៖ បុត្រា