ភ្នំពេញ៖ កន្លងទៅមហាជន ទូទៅដឹងយ៉ាងច្បាស់ថា តារាសម្តែង ប៉ែន ចំរុង និង កញ្ញា ទឹម រដ្ឋា គឺជាគូសង្សារនឹងគ្នាហើយ តែងតែទៅណាមកណា នឹងញ៉ាំអីជាមួយគ្នាជាញឹកញាប់ ។ តែបន្ទាប់ពីមានភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំរួចមក គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះអ្នកទាំងពីរ ហាក់ដូចជាមិនមានភាពស្និទ្ធស្នាល ជាមួយគ្នាដូចគ្រាមុនឡើយ ព្រោះគេមើលឃើញថាស្រីស្រស់ សាច់សរដូចបណ្តូលចេក ទឹម រដ្ឋា បានបង្វែទិសទៅកៀកកើយ ជាមូយបុរសសង្ហា អេឡិច ចិន្ត្រា ទៅវិញ ។ តែចំណងស្នេហ៍រវាងទឹម រដ្ឋា និង ប៉ែន ចំរុង គេដឹងថា មិនមានអ្នកទីបីមកជ្រៀតជ្រែកឡើយ ពោលគឺអ្នកទាំងពីរអស់ចិត្តនឹងគ្នាតែម្តង។
បន្ទាប់ពីអ្នកទាំងពីរមិនសូវដើរជាមួយគ្នា និងល្អូកល្អឺនជាមួយគ្នាអស់មួយរយៈមក គេបានមើលឃើញថា កញ្ញា ទឹម រដ្ឋា បានទៅស្និទ្ធស្នាល និងចាប់ដៃគូរាល់ការសម្តែង ជាមួយបុរសសាច់ស អេឡិច ចិន្ត្រា។ ខណៈដែល នាងបានចាប់ដៃ គូសម្តែងជាមួយលោក អេឡិច ក៏មានពាក្យលេចឮ និងមានបណ្តាញសារព័ត៌មាន មួយចំនួនចុះផ្សាយថា ទឹម រដ្ឋា និង អេឡិច ចិន្ត្រា មានស្នេហាជាមួយគ្នាផងដែរ ។
តែជុំវិញព័ត៌មានរវាងទឹម រដ្ឋា និង អេឡិច ចិន្ត្រា ថាមានទំនាក់ទំនងស្នេហាជាមួយគ្នានេះដែរ កន្លងមកត្រូវបានអ្នកទាំងពីរបានប្រាប់ បណ្តាញសារព័ត៌មានរួចមកហើយថា គ្មានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ គឺអ្នកទាំងពីរគ្រាន់តែ ចាប់ដៃគូក្នុងការសម្តែង នៅលើឆាកតន្រ្តី ឲ្យមើលទៅប្លែកភ្នែកតែប៉ុណ្ណោះ ។ តែដោយឡែកបន្ទាប់ពី មិនសូវឃើញវត្តមានរបស់ តារាសម្តែងរូបសង្ហាពូកែសម្តែងឡប់ៗ លោក ប៉ែន ចំរុង និង ទឹម រដ្ឋា ដើរជាមួយគ្នានិងស្និទ្ធស្នាល ជាមួយគ្នាអស់មួយរយៈធំរួចមក ស្រាប់តែថ្មីៗនេះ មហាជន និងអ្នកនៅក្នុងចង្កោមសិល្បៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញវត្តមានរបស់តារាសម្តែង ប្រុសស្រីទាំងពីរដួងនេះ បានណាត់ជួបគ្នានៅក្នុងមជ្ឈមណ្ឌលកម្សាន្តថោន ។
ខណៈ លោក ប៉ែន ចំរុង និង ទឹម រដ្ឋា បានជួបគ្នានៅក្នុងក្លឹប ថោន នេះដែរ គេមើលឃើញថា អ្នកទាំងពីរនៅតែមានភាពស្និទ្ធស្នាលជាមួយគ្នាដដែល មិនមានអ្វីប្រែប្រួលនោះឡើយ ព្រោះនៅពេលដែលអ្នកទាំងពីររាំ គឺមានភាពស្និទ្ធស្នាលនិងស៊ីចង្វាក់គ្នាបានយ៉ាងល្អ ។ ចំពោះការជួបគ្នារវាង ប៉ែន ចំរុង និង ទឹម រដ្ឋា នៅក្នុងក្លឹបថោន នេះដែរ គឺពួកគេជួបគ្នា នៅក្នុងកម្មវិធីថត MTV របស់ផលិតកម្មក្រៅស្រុកមួយ មានឈ្មោះថា ផលិតកម្ម For You ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល