សិង្ហបុរី ៖ បើតាមប្រភពសារព័ត៌មានសិង្ហបុរី ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានអោយដឹងថា មានយុវតីវ័យ 16 ឆ្នាំម្នាក់បានស្ម័គ្រចិត្ត ក្នុងការកោរសក់ដ៏ស្រស់ស្អាតត្រឹមចង្កេះរបស់ខ្លួនក្នុងនាមសប្បុរសធម៌ ដោយបានរកថវិកាបានដល់ទៅជាង $1,000 កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ផងដែរថា យុវតីម្នាក់នេះ អាចធ្វើទៅបានក្នុងអំឡុងព្រឹត្តិការណ៍ដែលត្រូវបានរៀបចំដោយមូលនិធិគាំពារមហារីកកុមារដែលហៅកាត់ថា CCF ហើយព្រឹត្តិការណ៍មួយនេះត្រូវបានរៀបចំឡើងដើម្បីរកថវិកាជួយទ្រទ្រង់នូវមូលនិធិមួយនេះ ក៏ដូចជាជួយដល់កុមារៗរងគ្រោះដោយសារជម្ងឺមហារីក។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ Shin Min Daily News បានអោយដឹងថា យុវតីវ័យ 16 ឆ្នាំរូបនោះ មានឈ្មោះថា Guan Minhui ត្រូវបានប្រជាជនភាគច្រើនកោតសរសើរថា នាងមិនត្រឹមតែជានារីមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែនាងក៏មានបេះដូងជ្រះថ្លា នឹងបរិសុទ្ធផងដែរ។

គួររំឮកផងដែរថា យុវតីវ័យ 16 ឆ្នាំរូបនេះ អាចរកថវិកាក្នុងការជួយទ្រទ្រង់នូវមូលនិធិគាំពារមហារីកកុមារបាន បន្ទាប់ពីនាងបានកោរសក់របស់នាងរួច ពោលគឺមានប្រជាជនភាគច្រើនបានយកថវិកាផ្ទាល់ខ្លួន មកអោយនាងជាថ្នូរនឹងការដូរយកផ្នែកនៃសក់របស់នាងមួយចំនួន បន្ទាប់មកនាងក៏បានយកថវិកាទាំងនោះទៅប្រគល់ជូន មូលនិធិគាំពារមហារីកកុមារជាបន្ត ដែលសកម្មភាពនេះ បានធ្វើអោយប្រជាជនភាគច្រើនមានការកើតសរសើរតៗគ្នា ហើយមកទល់នឹងពេលនេះ នាងបានរកថវិកាជួយដល់មូលនិធិមួយនេះ បានជាង $1,000 រួចទៅហើយ៕
ដោយ ៖ មង្គលប្រភព ៖ asiaone