ភ្នំពេញ៖  បើទោះបីជាតារាចម្រៀង ប្រចាំផលិតកម្ម ប៊ិកមែន កញ្ញា សន នាងផល្លីកា ធ្លាប់បានចេញមុខបកស្រាយ ប្រាប់គេហទំព័រ LookingTODAY ថា នាងមិនមានគ្មាន ទំនាក់ទំនងស្នេហាជាមួយ VJ រតនា កាលពីពេលកន្លង ទៅក៏ដោយ ក៏ថ្មីៗនេះ ពាក្យសម្ដីពីមាត់ចាបមាត់ព្រាប នៅតែនិយាយតៗ ពីមួយទៅមួយ ដដែលជាដដែលថា ស្រីស្រស់ ផល្លីកា កំពុងតែមានទំនាក់ទំនងស្នេហាស្អិតល្មួតជាមួយ VJ រតនា ដែលគេស្គាល់ថា ជាពិធីករប្រចាំទូរទស្សន៍ MYTV ។

ការលេចឮបែបនេះ បន្ទាប់ពីមហាជនមួយចំនួនបានឃើញតារាចម្រៀង តូចច្រឡឹងសន នាងផល្លីកា ថតរូបបែបស្និទ្ធស្នាលជាមួយ VJ រតនា ហើយយកមកបង្ហោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់នាង ។ មិនតែប៉ុណ្ណោះគេបាន ឃើញរូបភាព ជាច្រើនសន្លឹងទៀត ដែលអ្នកទាំងពីរ បានថត ជាមួយគ្នា ជាច្រើនកន្លែង ទាំងពេលយប់ទាំងពេលថ្ងៃ ។ ការលេចចេញ រូបថតបែបនេះហើយ ទើបធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ មួយចំនួន មានការ សង្ស័យថាស្រីតូចសម្បូរមន្តស្នេហ៍ សន នាងផល្លីកា មានទំនាក់ទំនង ស្នេហាជាមួយ VJ រតនា បើទោះបីជានាង ធ្លាប់ចេញមុខអះអាង បដិសេធក៏ដោយ ។

បន្ទាប់ពីលេចឮព័ត៌មាននេះសារជាថ្មីម្តងទៀត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣នេះ កញ្ញា ផល្លីកា បានបកស្រាយបំភ្លឺ តាមទូស័ព្ទឲ្យគេហទំព័រ Looking TODAY ដឹងថា ការលេចឮថា ខ្ញុំមានទំនាក់ទំនង ស្នេហា ជាមួយ VJ រតនា នោះ គឺមិនពិតទេបង ។ តែមានគេសួរខ្ញុំច្រើនណាស់ ថាខ្ញុំជាសង្សារបង រតនាមែន ? ហើយខ្ញុំបានប្រាប់ ទៅវិញថា មិនមែនទេ ។ រវាងខ្ញុំនិង បង រតនា គឺគ្រាន់តែរាប់អានគ្នា ក្នុងនាមជាអ្នកសិល្បៈប៉ុណ្ណោះ អារឿងអ៊ីចឹង គឺគ្មានទេបង...!។

ម្ចាស់បទកុំបែកគ្នាបានអត់ស្រីស្រស់ ផល្លីកា បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននាងគ្មានទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ទេ ហើយពេលនេះ ក៏នាងមិនទាន់ចង់គិតគូពីរឿងនេះដែរ ។ ចំពោះរឿងថានាងមានស្នេហាជាមួយបង រតនានោះ គឺគ្មានទេ ពួកយើងគ្រាន់តែរាប់អានគ្នាធម្មតាៗប៉ុណ្ណោះ ។

គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះ តារាចម្រៀងប្រចាំផលិតកម្ម ប៊ិកមែន កញ្ញា សន នាងផល្លីកា ហាក់មានពេលទំនេរ ច្រើនចាប់តាំងពី ចូលឆ្នាំខ្មែររួចមក ។ តែទោះជាយ៉ាងណានាងបានផ្តាំផ្ញើ ដល់ទស្សនិកជន ដែលតែងតែគាំទ្ររូបនាងថា នៅពេលខាងមុខនេះ នាងមានបទចម្រៀងជាច្រើន សម្រាប់បង្ហាញ និងបម្រើអារម្មណ៍មហាជន ។ មិនតែប៉ុណ្ណោះ ខារ៉ាអូខេបទចម្រៀង របស់នាង ក៏ត្រៀមចេញលក់ ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ៕

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល