អ្នកជំនាញការស្វែងរកលោហធាតុពីរនាក់ បានរកឃើញកំណប់កាក់មួយកន្លែងដែលមានតម្លៃ១៦លានដុល្លារ ដែលត្រូវបានកប់នៅក្រោមវាលមួយនៅប្រទេសអង់គ្លេស បន្ទាប់ពីបានរុករកអស់រយៈពេល ៣០ឆ្នាំ។ នេះជាកំណប់កាក់មួយដែលត្រូវបានគេជឿថា ជាកំណប់កាក់ធំបំផុត ចាប់តាំងពីជំនាន់ប្រើប្រាស់ដែក ដែលធ្លាប់ត្រូវ​បានគេរកឃើញនៅអ៊ឺរ៉ុប។

/

Reg Mead និង Richard Miles បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកនៅវាលមួយនៅលើកោះ Jersey ​របស់អង់គ្លេស បន្ទាប់ពីបានឮគេនិយាយថា មានបុរសម្នាក់បានប្រទះឃើញកាក់ធ្វើពីប្រាក់ នៅពេលដែលគាត់ធ្វើការនៅទីនោះ។
ចុងក្រោយ ពួកគេក៏បានរកឃើញកំណប់មួយដែលមានកាក់ Celtic បុរាណ ចំនួនពី ៣០,០០០ទៅ ៥០,០០០កាក់ មានទម្ងន់ ប្រហែល ៣/៤តោន ដែលមានអាយុកាល ពីទសវត្សទី ១ មុនគ្រិស្ដសករាជ។ គេបានប៉ាន់ស្មានថា កំណប់នេះត្រូវបានគេកប់តាំងពី ២,០០០ឆ្នាំមុន។
/

Neil Mahrer បុគ្គលិកនៅសារមន្ទីរបេតិកភ័ណ្ឌ Jersey អ្នកដែលបានជួយគាស់កំណប់នេះ បានថ្លែងថា វាជាកំណប់កាក់ Celtic ធំបំផុតមិនធ្លាប់រកឃើញពីមុនមក។

ក្រុមអ្នកជំនាញការបានអោយដឹងថា កំណប់នេះគឺជារបស់កុលសម្ព័ន្ធមួយដែលមានឈ្មោះថា Coriosolitae ជាអ្នករស់នៅក្នុងតំបន់ St Malo និង Dinan ដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសបារាំង។

/

គួររំឭកថា មុននេះ កំណប់កាក់ Celtic មួយចំនួនធ្លាប់ត្រូវបានគេរកឃើញនៅ Jersey ក្នុងនោះកំណប់ធំបំផុតគឺ កំណប់កាក់ ដែលត្រូវបានគេរកឃើញនៅ La Marquanderie ប្រទេសបារាំងកាលពីឆ្នាំ ១៩៣៥ ដោយមានកាក់ជាង ១១,០០០៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DT