ដុំបាល់ពណ៌បៃតង ស្រដៀងទៅនឹងសារ៉ាយសមុទ្រ និងមានលក្ខណៈទន់ ដូចទៅនឹងពពុះទឹកសមុទ្រ ត្រូវបានគេប្រទះឃើញ នៅលើឆ្នេរសមុទ្រ Dee Why របស់ អូស្ដ្រាលី។

/

ពលរដ្ឋក្នុងតំបន់ម្នាក់ មានឈ្មោះថា Jenny Zhang បានឱ្យដឹងថា ដុំបាល់បៃតងមួយចំនួន បានចាប់ផ្ដើមបង្ហាញខ្លួន ដំបូងគេ កាលពីប្រហែល ៣ថ្ងៃមុន ប៉ុន្ដែ ក្រោយមក ពួកវាក៏ធំឡើងៗ និងត្រូវបានគេឃើញមាននៅគ្រប់ទីកន្លែង លើឆ្នេរសមុទ្រ។ Jenny Zhang ប្រាប់ថា នាងមិនធ្លាប់បានឃើញបាតុភូតបែបនេះនោះទេ ពីមុនមក។

/

RaeMaree Hutton ដែលជាឆ្មាំត្រួតពិនិត្យដែនសមុទ្រ ថ្លែងថា ៖ “ខ្ញុំមិនចង់យកដៃទៅប៉ះ ព្រោះមិនដឹងថា វាគឺជាអ្វី ពេលបានឃើញវា នៅលើផ្ទៃទឹកសមុទ្រ។ ពេលយកជើងទៅប៉ះ ខ្ញុំដឹងថា វាមានលក្ខណៈទន់ និងដូចទៅនឹងពពុះទឹកសមុទ្រ។ នៅពេលមើលមួយភ្លែត ពួកវាដូចទៅនឹងស៊ុតពីពិភពខាងក្រៅ ឬសត្វអ្វីមួយដ៏ចម្លែក”។

/

យោងតាម IB Times ក្នុងពេលដែលប្រជាជន កំពុងតែជជែកគ្នា អំពីប្រភពដ៏ចម្លែករបស់ដុំបាល់បៃតង ក្រុមអ្នកវិទ្យាសាស្ដ្រ យល់ថា នេះគឺជារូបភាពនៃការពារខ្លួនរបស់សារាយសមុទ្រមួយប្រភេទ។

/

Alistair Poore អ្នកស្រាវជ្រាវម្នាក់ មកពីសកលវិទ្យាល័យ New South Wlaes ក្រុង Sydneyឱ្យដឹងថា បណ្ដាដុំបាល់បៃតងចម្លែកនេះ អាចជាសារាយសមុទ្ររស់ម្យ៉ាង និងកម្រ ក្នុងសមុទ្រ។ លោកបន្តថា ៖ “ខ្ញុំធ្លាប់បានឃើញបាតុភូតធម្មជាតិស្រដៀងគ្នានេះ ដូចជាស្មៅសមុទ្រងាប់ ហើយវាមូរចូលគ្នា ជាដុំបាល់ ដូចទៅនឹងស្មៅរមៀល (ប្រភេទរុក្ខជាតិម្យ៉ាង ដុះនៅលើសមុទ្រខ្យាច់ របស់អាមេរិកខាងជើង វាតែងតែស្ងួត និងមូរចូលគ្នា ហើយរមៀល ទៅតាមខ្យល់)។

/

ក៏ប៉ុន្ដែ នេះគឺជារូបភាពរីកចម្រើនដោយឡែក ដែលត្រូវបានគេហៅថា aegagropilious នៅពេលសារាយសមុទ្ររស់ និងរីកលូតលាស់ដាច់ដោយឡែក (មិនអាស្រ័យដោយបរិស្ថានរបស់ថ្ម) និងបង្កើតបានជាដុំបាល់បៃតង”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Yahoo