តើអ្នកមានដឹងទេថា ទឹកចិត្តរបស់ឪពុកម្តាយមានចំពោះកូនមានទំហំប៉ុណ្ណានោះ? គឺមានទំហំមួយដ៏មហាធំធេង ដែលមិនមានអ្វីអាចប្រដូចស្មើបានឡើយ។
តាំងពីមានកូនមកចាប់កំណើតនៅក្នុងផ្ទៃម្តាយមក ទាំងឪពុក និងម្តាយសុទ្ធតែទទួលនូវការលំបាកយ៉ាងច្រើន។ ជាពិសេសអ្នកម្តាយ ពេញរយះពេល ៩ខែ ១០ថ្ងៃ អ្នកម្តាយពិតជារ៉ាប់រងនូវការលំបាកយ៉ាងច្រើនក្រាស់ក្រែលក្នុងការថែរក្សាផ្ទៃ ក៏ដូចជាការចាញ់កូន។ អ្វីដែលពិបាក ស្ទើរតែថាគ្មានអ្វីពិបាកជាងនេះទៀតឡើយ គឺនៅថ្ងៃសំរាលនេះតែម្តង។ អ្នកម្តាយទទួលរងនូវការឈឺចាប់យ៉ាងខ្លាំងដែលក្នុងពេលនោះ ហើយក៍ជាការប្រឈមមុខនឹងសេចក្តីស្លាប់គ្រប់វីនាទីផងដែរ។
ចំណែកលោកឪពុក ក៏ពិបាកមិនចាញ់អ្នកម្តាយប៉ុន្មានដែរ គឺលោកត្រូវទទួលរ៉ាប់រងទាំងអស់ ទាំងការងាររកប្រាក់ចិញ្ចឹមគ្រួសារ ទាំងការងាររបស់មនុស្សស្រីគ្រប់ជំពូក នៅពេលដែលម្តាយធ្វើអ្វីមិនបានក្នុងពេលពរពោះ និងទើបសម្រាលហើយ។
វីដេអូស្មូត ទឹកចិត្តម្តាយ
វីដេអូស្មូត ទឹកចិត្តឪពុក
ប៉ុន្តែសំរាប់ទឹកចិត្តដ៏ធំធេងរបស់ឪពុកម្តាយដែលមានចំពោះកូន បើទោះជាលំបាក មានភាពឈឺ-ផ្សាររហូតដល់ត្រូវបាត់បង់ជីវិត ក៏លោកឪពុក និងអ្នកម្តាយមិនដែលរារែក រអ៊ូរទាំឡើយ តែងតែផ្តល់ភាព កក់ក្តៅ មេត្តាករុណា ស្រលាញ់ថែរក្សាកូនតាំងពីថ្ងៃមកចាប់កំណើតក្នុងផ្ទៃ រហូតដល់កូនប្រសូត្រ ធំធាត់ពេញរូបរាង មានប្តី ប្រពន្ធ កូនទៅទៀត ក៏លោកឪពុក អ្នកម្តាយនៅតែគិតបា-រម្ភពីកូនចៅជានិច្ច។ពួកលោកមិនដែលគិតចង់បានអ្វីពីកូនវិញឡើយ សុំតែកូនមានសេចក្តីសុខសប្បាយ គឺពួកលោកទាំងពីរសប្បាយចិត្តណាស់ទៅហើយ តែបើកូនជួបទុក្ខព្រួយវិញ គឺពួកគាត់នឹងជួបទុក្ខព្រួយទ្វេដង។
ដូច្នេះគួរគប្បីកូនប្រុសកូនស្រីទាំងអស់ សូមកុំមើលរំលងពីទឹកចិត្ត គុណូបការៈ របស់ឪពុកម្តាយ។ ចូរនាំគ្នាស្រលាញ់ គោរព តបស្នងសងគុណលោកទាំងពីរវិញ។ គប្បីកុំធ្វើទង្វើទាំងឡាយណាដែលធ្វើឲ្យឪពុកម្តាយមិនសប្បាយចិត្ត កើតទុក្ខដោយសារយើង។ សូមចងចាំទុក្ខណា កុំធ្វើឲ្យឪពុកម្តាយស្រក់ទឹកភ្នែក ព្រោះថាទឹកភ្នែកឪពុកម្តាយយើងហែលមិនរួចឡើយ។ សង្ខារមនុស្សគឺមិនទៀង សូមកុំឲ្យមានវិប្បដិសារីតាមលងបន្លាចយើងទៅថ្ងៃក្រោយ តបស្នងសងគុណលោកទាំងពីរ ចាប់ពីពេលឥឡូវនេះតាមលទ្ធភាពដែលយើងធ្វើបាន។ ធ្វើបុណ្យទាន់ខែភ្លឺ កុំរង់ចាំដល់ពួកលោក ឈឺសម្រាន្តនឹងកន្ទេលពិសារអ្វីលែងកើត ទើបនឹកឃើញយកម្ហូបអាហារមក ពេលនោះបើទោះជាឆ្ងាញ់ៗ ថ្លៃៗកំរិតអាហារសួគ៌ក៏ដោយ ក៏គ្មានប្រយោជន៍អ្វីទៀតឡើយ ពោលគឺពួកលោកទទួលលែងបានហើយ៕
ដោយ៖ សិលា