ភ្នំពេញ៖ កញ្ញាសុខ ចាន់រ៉ូសិកា ជាតារាសម្តែងមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពសិល្បៈ តាមរយៈការសម្តែងខ្សែភាពយន្ត សម្តែងខារ៉ាអូខេ និងជាពិធីការិនីនៅលើស្ថានីយទូរស្សន៍ ។ អតីតកញ្ញាឯក ប្រ៊ីដស្តុន ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០០៨ កញ្ញា សុខ ចាន់រ៉ូសិកា បច្ចុប្បន្នហាក់មមាញឹកនឹង ការងារសិល្បៈយ៉ាងខ្លាំង ព្រោះនាងជាប់កុងត្រាសម្តែង ខ្សែភាពយន្តជាបន្តបន្ទាប់ ស្ទើររកពេលសម្រាកគ្មាន ។ មិនតែប៉ុណ្ណោះ តារាសម្តែងរូបនេះ ក៏ត្រូវចុះទៅតាមខេត្តដើម្បីធ្វើពិធីការិនី ក្នុងកម្មវិធីប្រគំតន្ត្រីនានាផងដែរ ។

ចាប់តាំងពីតារាសម្តែងរូបស្រស់ បង្កប់ដោយមន្តស្នេហ៍ សុខ ចាន់រ៉ូសិកា បានឈានជើងចូលប្រឡូកក្នុងសិល្បៈ មកដល់ពេលនេះនាងធ្លាប់សម្តែង ខ្សែភាពយន្តបានជាច្រើន ក្នុងនោះមានដូចជារឿងស្រូវក្រៅស្រែ, ល្អាងឃុំព្រលឹង ,ឈាមស្រែក  អ្នកលេងជួបអ្នកមែននិងរឿង សពរន្ទះបាញ់ ជាដើម ។លើសពីនេះទៅទៀតខណៈតារា សម្តែងនិង ជាពិធីការិនីរូបនេះ ទើបតែថតបញ្ចប់ខ្សែភាពយន្តមួយដែលមាន ចំណងជើងថា ព្យុះស្នេហ៍ទន្លេសេសាន របស់ស្ថានីយទូរទស្សន៍ហង្សមាស ស្រាប់តែកញ្ញា សុខ ចាន់រ៉ូសិកា កំពុងតែត្រៀមខ្លួនសម្តែង ខ្សែភាពយន្តថ្មីចំនួន៣ រឿងទៀតឲ្យផលិតកម្ម មហាហង្ស ។

កាលពីពេលកន្លងទៅតារាសម្តែង ស្រស់សោភាកញ្ញាសុខ ចាន់រ៉ូសិកា ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន ប្រម៉ាញ់តែពីរឿងរ៉ាវស្នេហា របស់នាងជាមួយបុរសម្នាក់ដែល ជាអាណិកជនខ្មែររស់ នៅប្រទេសអូស្ត្រាលី ។ តែទោះជាយ៉ាងណាព័ត៌មានទាំងនោះ បច្ចុប្បន្នត្រូវបានសាបរលាប ដូចអំបិលត្រូវទឹកដោយសារតែ ទំនាក់ទំនងរបស់នាង ជាមួយបុរសអាណិកជន ខ្មែរនៅប្រទេសអូស្រ្តាលីនោះ ត្រូវបានកាត់ផ្តាច់ជាមួយគ្នាយូរមកហើយ ព្រោះតែបុរសអាណិកម្នាក់នោះ មិនយកចិត្តទុកដាក់ និងមិនផ្តល់ទំនុកចិត្តដល់នាង ។

គ្រាន់តែផ្តាច់ចំណងស្នេហ៍ ជាមួយបុរសអាណិជនខ្មែរអូស្រ្តាលីភ្លាម ស្រាប់តែនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៣នេះ កញ្ញា សុខ ចាន់រ៉ូសិកា បានប្រាប់ឲ្យ Looking TODAY ដឹងថានាងបានភ្ជាប់ពាក្យរួចទៅហើយ ជាមួយអាណិកជនខ្មែររស់នៅប្រទេសបារាំង ដែលមានឈ្មោះ សុធារ៉ា សូ ជាអ្នករកស៊ី ។ តារាសម្តែងសម្បូរស្នេហ៍រូបនេះ បានប្រាប់ឲ្យដឹងទៀតថា ឥឡូវនេះខ្ញុំមានគូដណ្តឹងហើយ គាត់ជាអាណិកជនខ្មែររស់នៅ ប្រទេសបារាំង គាត់មានឈ្មោះ សុធារ៉ា សូ មានអាយុ២៩ ឆ្នាំ បច្ចុប្បន្នគាត់កំពុងតែរស់នៅឯប្រទេសបារាំង ព្រោះនៅទីនោះគាត់បានបើកភោជនីយដ្ឋាន ។

ស្រីស្រស់ សុខ ចាន់រ៉ូសិកា បាននិយាយរៀបរាប់ប្រាប់ ពីមូលហេតុដែលនាំឲ្យនាង និងលោក សុធារ៉ា សូ មានទំនាក់ទំនងបានក្លាយទៅជាគូដណ្តឹងនឹងគ្នាឲ្យ Looking TODAY ដឹងថា តាមពិតទំនាក់ទំនងរបស់ខ្ញុំនិងគាត់បង (សុធារ៉ា សូ) គឺមានរយៈពេលប្រមាណជា២ ទៅ៣ឆ្នាំមកហើយ គឺស្គាល់តាមរយៈមិត្តភក្តិនិង ផ្ដើមរាប់អានគ្នាជាបងប្អូនជាមួយគាត់ ។ ចំពោះការដែលឈានដល់ការ ភ្ជាប់ពាក្យជាមួយគ្នានេះ ដោយសារតែគាត់ និងខ្ញុំបានស្វែងយល់ចិត្តគ្នា រយៈពេលយូរមកហើយ ព្រោះគំនិតរបស់ខ្ញុំជាមួយគាត់ ពេលធ្វើអ្វីមួយគឺស្របគ្នារហូត ។ មិនតែប៉ុណ្ណោះគាត់តែង តែយកចិត្តទុកដាក់ និង Care ចំពោះខ្ញុំនិងក្រុមគ្រួសារខ្ញុំជានិច្ច។

ដោយឡែក ចំពោះពិធីចូលរោងការវិញ តារាសម្តែងសាច់សសម្បូរមន្តស្នេហ៍ សុខ ចាន់រ៉ូសិកា បានបង្ហើបឲ្យដឹងថា មិនទាន់ប្រាកដនៅឡើយទេ ព្រោះឯកសារនៅមិនទាន់រៀបចំ បានរួចរាល់នៅឡើយ ។ តែបើគម្រោងត្រូវរៀបការ ក្នុងខែធ្នូ ឆ្នាំ២០១៣ ហើយបើឯកសារធ្វើមិនទាន់រួចរាល់ អាចឈានដល់ ខែកុម្ភៈ ឆ្នាំ២០១៤ ក៏ថាបាន៕

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល