ថ្ងៃនេះ ២១ ធ្នូ ឆ្នាំ ២០១២ ជាថ្ងៃមួយដែលត្រូវបានអ្នកស្រាវជ្រាវមួយក្ដាប់តូច បកស្រាយពីប្រតិទិនរបស់ជនជាតិ ម៉ាយ៉ាន ថា ជាថ្ងៃឆេះកប្ប ឬថ្ងៃ វិនាស របស់ផែនដី។ តើអ្នកជឿថា វានឹងកើតមានឡើង ដែរ ឬទេ?

ឆ្លងកាត់មួយរយៈពេលយូរ​ តាំងពីក្រុមអ្នកស្រាវជ្រាវបានរកឃើញ ប្រតិទិនម៉ាយ៉ា មកដល់ពេលនេះ គឺមានការបកស្រាយខុសៗគ្នាជាច្រើន ដែលភាពខុសគ្នានេះ ត្រូវបានគេបែងចែកចេញជាពីរផ្នែក ទីមួយគឺការបកស្រាយបែកអបិយជំនឿ និងទីពីរគឺបែបវិទ្យាសាស្ដ្រ។

width=443

ក្រុមអ្នកស្រាវជ្រាវមួយចំនួន បានបកស្រាយថា ប្រតិទិន ម៉ាយ៉ា បានបង្ហាញពីពេលវេលាយ៉ាងជាក់ច្បាស់នូវថ្ងៃចុងក្រោយនៃផែនដី ដោយយោងទៅទីបញ្ចប់នៃប្រតិទិនរបស់ម៉ាយ៉ានេះ។ ប្រការខាងលើនេះ   បាននាំឱ្យមានការបំប៉ោងសេចក្ដីកាន់តែច្រើនឡើងៗ ស្ដីអំពីការវិនាសនៃភពផែនដី ដោយមានការបញ្ជាក់យ៉ាងប្រាកដថា វានឹងកើតឡើងនៅថ្ងៃនេះ។ កត្តានេះហើយ បានធ្វើឱ្យមនុស្សមួយចំនួនតូច មានការភ័យខ្លាច ហើយអ្នកខ្លះក៏បានត្រៀមរបស់របរ ត្រៀមអាហារ ឬទីសុវត្ថិភាព សម្រាប់ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ ដើម្បីគេចពីបញ្ហាធំៗដែលអាចកើតមានឡើង។

ទោះជាយ៉ាងណាក៏ដោយ ក៏មានការបកស្រាយបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្ដ្រផងដែរ ដែលធ្វើឱ្យស្ថានភាពប្រសើរឡើងវិញ។ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់អាមេរិក បានរិះគន់ចំពោះការបកស្រាយ និងការបំប៉ោងសេចក្ដីរបស់មនុស្សមួយចំនួន ដែលថា ថ្ងៃទី ២១ធ្នូ ឆ្នាំនេះ គឺជាថ្ងៃវិនាសរបស់ផែនដី ដោយពួកគេបានលើឡើងថា ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ មិនមែនជាថ្ងៃចុងក្រោយរបស់ផែនដីនោះទេ ព្រោះក្រុមតារាវិទូ មិនបានរកឃើញបុព្វហេតុណាមួយដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ភពផែនដី។ ម្យ៉ាងទៀត បើយោងទៅលើ ប្រតិទិនរបស់   ម៉ាយ៉ានេះដែរ ក្រុមអ្នកស្រាវជ្រាវសុទិដ្ឋិនិយម យល់ថា ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ គ្រាន់តែជាថ្ងៃបញ្ចប់នៃប្រតិទិនរបស់ជនជាតិ ម៉ាយ៉ាន តែប៉ុណ្ណោះ។

យ៉ាងណាក្ដី រយៈពេលប៉ុន្មានខែកន្លងនេះ ហេតុការណ៍មួយចំនួនបានកើតឡើង ធ្វើឱ្យមនុស្សមានការភ័យខ្លាច ហើយអ្នកខ្លះក៏បានជឿជាក់លើថ្ងៃវិនាសនេះផងដែរ ដោយហេតុការណ៍មួយចំនួននោះ មានដូចជា ព្យុះបុប្ផានៅហ្វីលីពីន និងផ្កាយព្រះគ្រោះ ហោះកាត់ផែនដី។ល។សូមរង់ចាំមើល ថាតើថ្ងៃនេះមានអ្វីកើតឡើង? ​Camnews នឹងរាយការណ៍ជាបន្ដបន្ទាប់នូវហេតុការណ៍ដែលអាចកើតមានឡើង នៅថ្ងៃនេះ។

ជនជាតិ ម៉ាយ៉ា ថា សូមកុំមានការភ័យព្រួយចំពោះថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២

 

ដោយ ៖ សីហា