មណ្ឌលគិរី ៖ ប្រជាពលរដ្ឋនាំគ្នាខឹងសម្បារ រឿងផ្លូវលំមួយខ្សែ ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ ជិតពីរឆ្នាំមក ហើយ ដែលផ្លូវលំមួយខ្សែនេះ  ស្ថិតក្នុងភូមិដោះក្រមុំ  សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  ត្រូវបានលោក   អភិបាលរងស្រុកម្នាក់    បិទមិនឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ជិត ២ឆ្នាំមកហើយ  អាជ្ញាធរ ខេត្ត ក្រុង ហាក់បីដូចជាមើលរំលង ។

ប្រជាពលរដ្ឋ   ដែលមានលំនៅដ្ឋាន នៅជិតផ្លូវនេះបានប្រាប់ឲ្យដឹងថា ផ្លូវលំមួយខ្សែរនេះមានប្រវែង ប្រហែល១០០ម៉ែត្រ ទទឹង១០ម៉ែត្រ  ពួកគាត់បានធ្វើចរាចរណ៍តាំងពីឆ្នាំ១៩៨៧មកម្ល៉េះ រហូតមកដល់បច្ចុ ប្បន្ននេះ   ផ្លូវនេះត្រូវបានបិទដោយលោក អភិបាលរងស្រុកម្នាក់ ជាអ្នកបិទមិនឲ្យធ្វើចរាចរណ៍ ។

បើតាមប្រភពព័ត៌មាន    បានបង្ហើបប្រាប់ថា ចាប់តាំងពីដីធ្លី នៅក្រុងសែនមនោរម្យ មានហាងឆេងខ្ពស់មកត្រូវបានគេសង្ស័យថា ការបិទផ្លូវនេះក្នុងបំណងយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋបានប្រាប់ថា អ្នកដែលបិទផ្លូវខាងលើនេះឈ្មោះស៊ន សារុន ជាអភិបាលរងស្រុកអូររាំង ។

លោកស្រី វ៉ា ផារី អាយុ ៤៤ឆ្នាំ បានអះអាងថា  ផ្លូវនេះគេធ្វើចរាចរណ៍តាំងពីឆ្នាំ១៩៨៧ រហូតមកដល់ចុង ឆ្នាំ២០១១ ស្រាប់តែមានការបិទផ្លូវនេះ ពីលោកអភិបាលរងស្រុកខាងលើនេះតែម្តងទៅ  ឃើញបែបនេះ ពួកគាត់ក៏នាំគ្នាទៅបើកផ្លូវ និង ដកបង្គោលរបងជាច្រើនដង តែបានរយៈពេលពីរថ្ងៃប៉ុណ្ណោះ ត្រូវបានលោក ស៊ន សារុន   ចាក់បង្គោលស៊ីម៉ង់ត៍ និងហ៊ុំព័ទ្ធដោយសំណាញ់លួសទៀតផង ។

បន្ទាប់ពីមានករណីបែបនេះកើតឡើង ពួកគាត់បានធ្វើការរាយការណ៍  ជូនអាជ្ញាធរមូលដ្ឋាន រួមមានសង្កាត់ ក្រុងនិងអង្គភាពពាក់ព័ន្ធផងដែរ ប៉ុន្តែអាជ្ញាធរហាក់បីដូចជាមិនអើពើរឿងនេះទាល់តែសោះ ។

លោក អ៊ិន អ៊ីវ ចៅសង្កាត់សុខដុម   បានប្រាប់នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ នេះថា គាត់ដឹងពីការបិទផ្លូវ នេះ ប៉ុន្តែគាត់មិនបានបញ្ជាឲ្យបិទនោះទេ។

លោក ប៉េង សម្បត្តិ អភិបាលក្រុង សែនមនោរម្យបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៣ វេលាម៉ោង ១១ និង ៤៨នាទីព្រឹកថា   លោកពុំបានដឹងពីការបិទផ្លូវនេះទេ លោកថា បញ្ហានេះចាំឲ្យ មន្ត្រីចុះពិនិត្យនៅទីតាំងនេះ ។

លោកអេង  ប៊ុនហ៊ាង អភិបាលនៃគណៈអភិបាលខេត្តបានប្រាប់អ្នកយកព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៣ ថា   គាត់នឹងចាត់ចែង    ឲ្យមន្ទីរសារធារណការណ៍ ចុះពិនិត្យដល់ទីតាំងខាងលើ ដើម្បីចាត់ការ ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល