ភ្នំពេញ: បុរសម្នាក់ ក្នុងចំណោមគ្នីគ្នា ៣នាក់ រងរបួសធ្ងន់ នៅក្នុងករណីវាយគ្នា ជាមួយក្រុមសន្តិសុខ ក្លឹបឡេស័រ ដែលមានគ្នីគ្នា ៥ នាក់ កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៣ ត្រង់ចំណុច មុខក្លឹបឡេស័រ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមសំដី របស់ក្រុមជនរងគ្រោះ ដែលនិយាយប្រាប់សមត្ថកិច្ច នគរបាលមូលដ្ឋាន ដែលចុះអន្តរាគន៍ ដល់កន្លែងកើតហេតុ បានឧ្យដឹងថា មុនពេលកើតហេតុនេះ ក្រុមជនរងគ្រោះ ដែលមានគ្នា៣នាក់ បានចូលទៅរាំលេងនៅក្នុងក្លឹបឡេស័រ ។ ប៉ុន្តែ មួយសន្ទុះ ក្រោយមក ក្រុមជនរងគ្រោះបានចេញពីក្លឹបឡេស័រ ក្នុងបំណង ទៅក្លឹបឡឺម៉ូនវិញ ខណៈចេញមកឈរចាំមុខក្លឹប ក៏ត្រូវសន្តិសុខ ដ៏កំណាចរបស់ក្លឹបឡេស័រ ព្រួតគ្នាវាយតែម្តង ។ សាក្សីបន្តថា មូលហេតុដែលសន្តិសុខ ព្រួតគ្នាវាយ មក លើក្រុមជនរងគ្រោះនេះ បណ្តាលមកពីក្រុមជនរងគ្រោះ មានជម្លោះជាមួយក្រុមម្ខាងទៀត នៅក្នុងក្លឹបឡេស័រ ទើបជាហេតុបណ្តាលឲ្យ សន្តិសុខឡេស័រ មកវាយលើ ក្រុមជនរងគ្រោះតែម្តង។
ក្រោយពីវាយមនុស្សឲ្យរបួសរួច ក្រុមសន្តិសុខឡេស័រ ហាក់មិនអស់ចិត្ត ក៏បានវាយស្ទុះទៅវាយម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យខ្ទេចខ្ទីអស់ម៉ូតូទៀត ហើយក្រុម ជនពាលដែលជាសន្តិសុខយាមនៅក្លឹបឡេស័រ ក៏បានរត់គេចខ្លួនបាត់ ។
ក្រោយសមត្ថកិច្ចចុះអន្តរាគមន៍ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីឲ្យសមត្ថកិច្ចស្វែងរកមុខសញ្ញាជនដៃដល់យកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា តាមប្រជាពលរដ្ឋរស់នៅក្បែរខាងបាននិយាយថាក្លឹបឡេស័រនេះក្រៅពីបង្កការរំខានការដេកពួនរបស់ប្រជាពលរដ្ឋ គឺឧស្សាហ៍មានរឿងហេតុវាយតប់គ្នា កើតឡើងជាញឹកញាប់ ណាស់ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល