ប៉េកាំង៖ ប្រទេសចិនបាននិយាយ កាលពីថ្ងៃសុក្រទី ២៤ ខែកក្កដាថា ខ្លួនបានដកហូតអាជ្ញាប័ណ្ណសម្រាប់ស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅភាគនិរតីនៃទីក្រុង Chengdu បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឲ្យបិទស្ថានកុងស៊ុល របស់ប្រទេសចិន នៅក្នុង ​ទីក្រុង Houston។

/

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះជាវិធានការឆ្លើយតប មិនសមហេតុផលរបស់សហរដ្ឋអាមេរិក។

ក្រសួងការបរទេសចិន ក៏បានជូនដំណឹងដល់ស្ថានទូតអាមេរិកប្រចាំ នៅប្រទេសចិនអំពីការសម្រេចចិត្តដកហូតការព្រមព្រៀងរបស់ខ្លួន សម្រាប់ការបង្កើត និងប្រតិបត្តិការរបស់អគ្គកុងស៊ុលអាមេរិកប្រចាំ នៅ Chengdu ។

ក្រសួងការបរទេសចិន បានអោយដឹងផងដែរថា៖ “ ក្រសួងបានបញ្ឈប់រាល់ប្រតិបត្តិការ និងព្រឹត្តិការណ៍ទាំងអស់ ដោយអគ្គកុងស៊ុលមួយនេះ” ហើយស្ថានភាពបច្ចុប្បន្ន នៅក្នុងទំនាក់ទំនង ចិន - អាមេរិក មិនមែនជាអ្វី ដែលចិនចង់ឃើញនោះទេ ហើយសហរដ្ឋអាមេរិកត្រូវ ទទួលខុសត្រូវ ចំពោះបញ្ហាទាំងអស់នេះ»។ទោះជាយ៉ាងនេះក្តី ប្រទេសចិនក៏បានទទូចដល់សហរដ្ឋអាមេរិកជាថ្មីម្តងទៀតឱ្យឆ្លើយតប និង“ បង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ទំនាក់ទំនងទ្វេភាគីឱ្យវិលមករកភាពប្រក្រតីវិញ” ។

សូមរំលឹកផងដែរថា កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិក បានផ្តល់ពេលវេលាដល់ប្រទេសចិនចំនួន ៧២ ម៉ោងដើម្បីបិទស្ថានកុងស៊ុលរបស់ចិន នៅ Houston ដោយការចោទប្រកាន់ពីបទធ្វើចារកម្ម​​ ដែលការនេះ បង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channael News Asia