លោក Francois Hollande កាលពីម្សិលមិញនេះ បានទទួលជ័យជំនះលើប្រធានាធិបតិ Nicolas Sarkozy ក្នុងជុំទីពីរនៃការបោះឆ្នោតជ្រើសរើស​ប្រជានាធិបតិ និងក្លាយជាអ្នកដឹកនាំថ្មីរបស់បារាំង។

/

ទូរទស្សន៍បារាំងបានប្រកាសពីជ័យជំនះរបស់លោក Francois Hollande បន្ទាប់ពីមណ្ឌលបោះឆ្នោតនានាបានបិទទ្វារនៅវេលាម៉ោង ២០យប់ កាលពីម្សិលមិញនេះ។ BBC បានរាយការណ៍ថា លទ្ធផលនៃការពិនិត្យរាប់សន្លឹកឆ្នោតបង្ហាញថា លោក Francois Hollande ​ទទួលបានជិត ៥២% នៃសម្លេងឆ្នោត រីឯលោក Sarkozy ទទួលបាន ៤៨,១% សម្លេង ដោយមានអ្នកចូលរួមបោះឆ្នោតប្រមាណជា ៨០%។

អ្នកគាំទ្ររបស់លោក Francois Hollande បានប្រមូលផ្ដុំគ្នានៅទីលាន Bastille ក្នុងក្រុងបារីស ដើម្បីអបអរជ័យជំនះនេះ។

នៅទីក្រុង Tulle លោក  Francois Hollande ថ្លែងថា លោកមានមោទនភាពណាស់ដោយបាននាំមកនូវក្ដីសង្ឃឹមសម្រាប់ប្រជាជន។ បន្ទាប់ពីថ្លែងសុន្ទរកថានៅក្រុង Tulle លោក Francois Hollande ក៏បានធ្វើដំណើរទៅកាន់បារីសដើម្បីថ្លែងអំណរគុណចំពោះអ្នកគាំទ្រទាំងអស់របស់លោក។

ចំណែកលោក Sarkozy វិញបានប្រកាសនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា លោកបានទូរស័ព្ទទៅកាន់លោក Francois Hollande ដើម្បីអបអរជ័យជំនះរបស់គូបដិបក្សនេះផងដែរ។ ប្រធានាធិបតិជិតចាកចេញពីតំណែងរូបនេះ ថ្លែងថា ខ្ញុំទទួលខុសត្រូវចំពោះបរាជ័យនេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE